
រដ្ឋធានីសេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែមករានេះ បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោក ហាន ឌុកស៊ូ ឱ្យជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំ ពីបទចូលរួមយ៉ាងសកម្មក្នុងអំពើបះបោរ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី យូន ស៊ុកយ៉ុល កាលពីខែធ្នូ ឆ្នាំ២០២៤។

ចៅក្រមបានសម្រេចថា លោក ហាន គឺជាអ្នករៀបចំឱ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ការប្រកាសច្បាប់អាជ្ញាសឹកនោះ ដែលត្រូវបានចាត់ទុកថាជាអំពើផ្ដាច់ការ និងរំលោភលើសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យ។ តុលាការបានរិះគន់យ៉ាងធ្ងន់ៗថា ក្នុងនាមជានាយករដ្ឋមន្ត្រីដែលមានទំនួលខុសត្រូវខ្ពស់ លោក ហាន បែរជាបិទភ្នែកធ្វើមិនដឹងមិនឮ ហើយចូលរួមក្នុងសកម្មភាពក្បត់ជាតិ ដែលស្ទើរតែធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងរណ្ដៅនៃរបបផ្ដាច់ការ ជាថ្មីម្ដងទៀត។

បច្ចុប្បន្ន លោក ហាន មានវ័យ៧៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំឃាំងភ្លាមៗក្រោយចប់ការកាត់ក្ដី ប៉ុន្តែលោកនៅតែបដិសេធរាល់ការចោទប្រកាន់ទាំងហ្លាយ ហើយគ្រោងនឹងប្តឹងតវ៉ាទៅកាន់តុលាការកំពូលបន្តទៀត។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុន អតីតប្រធានាធិបតី យូន ស៊ុកយ៉ុល ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្នុងសំណុំរឿងចេញច្បាប់អាជ្ញាសឹក រួមទាំងការរារាំងលើការប៉ុនប៉ងរបស់អាជ្ញាធ ក្នុងការចាប់ខ្លួនរបស់លោក៕




