មជ្ឈិមបូព៌ា៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបន្លឺសម្តីកាលពីថ្ងៃសុក្រទី២៣ ខែមករាថា អ៊ីរ៉ង់នឹងចាត់ទុកថា បើមានការវាយប្រហារណាមួយកើតឡើង វាគឺជាការបង្កសង្គ្រាមប្រឆាំងរដ្ឋធានីតេហេរ៉ង់។ ការអះអាងនេះ កើតឡើងស្របពេលនាវាផ្ទុកយន្តហោះចម្បាំងយោធាអាម៉េរិកកំពុងធ្វើដំណើរទៅមជ្ឈិមបូព៌ា...។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានអះអាងថា ៖«ការប្រមូលផ្តុំយោធា[អាម៉េរិក]នេះ យើងសង្ឃឹមថា វាមិនមានបំណងសម្រាប់ការប្រឈមមុខគ្នាពិតប្រាកដនោះទេ ប៉ុន្តែយោធារបស់យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផែនការដ៏គ្រោះថ្នាក់បំផុត។ នេះជាមូលហេតុដែលអ្វីៗទាំងអស់ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅប្រទេសអ៊ីរ៉ង់»។ មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា ៖«លើកនេះយើងស្វាគមន៍ការវាយប្រហារណាមួយ...ចំពោះសង្រ្គាមប្រឆាំងនឹងយើង ហើយយើងនឹងឆ្លើយតបតាមវិធីដ៏សាកសមបំផុត»។

គេនៅចាំបានថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី២២មករា ថាសហរដ្ឋអាម៉េរិកបានបញ្ជូនគ្រឿងសព្វាវុធ និងនាវាផ្ទុកយន្តហោះ USS Abraham Lincoln (យូអេសអេស អាប្រាហាំ លីនខុន) ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈចៅហ្វាយសេតវិមានរូបនេះបានព្រមានសាជាថ្មីដល់ក្រុងតេហេរ៉ង់ ប្រឆាំងនឹងការសម្លាប់ក្រុមបាតុករ ឬចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែ មន្ត្រីអ៊ីរ៉ង់បានប្រតិកម្មថា ៖«ប្រសិនបើជនជាតិអាម៉េរិកបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ យើងនឹងឆ្លើយតបភ្លាម[...]»៕
