ស្ថាប័ន AMRO សរសើរការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ដោយប្រទេសជាច្រើនយកជាគំរូ
S
Soriya Sou
25 មករា 2026 05:00 AM

រាជធានីភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាជាមួយគណៈប្រតិភូនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក យ៉ាស៊ូតូ វឌ្ឍនាប៊ី (Yasuto Watanabe) នាពេលថ្មីៗនេះ ដើម្បីផ្លាស់ប្ដូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកត្តាប្រឈម ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតជាដើម...។ 

ក្នុងជំនួបទល់មុខជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក យ៉ាស៊ូតូ បានលើកសរសើរយ៉ាងខ្លាំងពីវឌ្ឍនភាព នៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា រហូតមានប្រទេសជាច្រើនបានយកជាគំរូតាម សម្រាប់ធ្វើការអភិវឌ្ឍប្រព័ន្ធទូទាត់។ តំណាងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ រូបនេះ ក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ 

លោកស្រី ជា សិរី បានថ្លែងអំណរគុណដល់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ចំពោះកិច្ចសហការល្អ និងបានគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមន្រ្តី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា។ លោកស្រីមានប្រសាសន៍ថា ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការអភិវឌ្ឍមុខងារប្រកបដោយនវានុវត្តន៍ ផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ពីនិន្នាការវិជ្ជមាននៃកំណើនការនាំចេញរបស់កម្ពុជា ដោយមានផលិតផលកាន់តែសម្បូរបែប និងទីផ្សារកាន់តែច្រើនឡើង បើទោះបីជាវិស័យសំណង់ និងអចលនទ្រព្យនៅមិនទាន់រឹងមាំក្ដី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត