ក្រុមរដ្ឋឥស្លាមបំផ្ទុះគ្រាប់បែកអត្តឃាតនៅភោជនីយដ្ឋានចិនក្នុងរដ្ឋធានីកាប៊ុល ស.ម្លា.ប់មនុស្ស៧នាក់
N
Nary Vann
21 មករា 2026 04:00 AM

រដ្ឋធានីកាប៊ុល៖ ក្រុមរដ្ឋឥស្លាម (IS) បានចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភោជនីយដ្ឋានចិន មួយកន្លែង ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៩មករា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងបង្កឱ្យមនុស្ស១៤នាក់ផ្សេងទៀតរងរបួស។

តាមរយៈសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារព័ត៌មាន Aamaq ក្រុមភេរវករបានអះអាងថា ខ្មាន់កាំភ្លើងអត្តឃាតបានចូលទៅក្នុងភោជនីយដ្ឋានដែលមានជនជាតិចិនឧស្សាហ៍ទៅទទួលទាន ហើយបានកេះបំផ្ទុះអាវកាក់គ្រាប់បែកតែម្ដង។ ក្រុម IS ក៏បានព្រមានបន្ថែមទៀតដល់ជនជាតិចិន នៅក្នុងប្រទេសនេះ ដោយផ្សារភ្ជាប់ការវាយប្រហារនេះទៅនឹងការប្រព្រឹត្តិរបស់រដ្ឋធានីប៉េកាំងលើជនជាតិមូស្លីម អ៊ុយហ្គ័រ (Uyghur)។ ជាការឆ្លើយតប រដ្ឋាភិបាលចិន បានចេញសេចក្តីណែនាំបន្ទាន់ដល់ប្រជាពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយបានស្នើឱ្យក្រុមហ៊ុន និងពលរដ្ឋចិន ដែលកំពុងមានវត្តមាននៅទីនោះ បង្កើនវិធានការសន្តិសុខ និងជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ជៀគុណ (Guo Jiakun) បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអំពើភេរវកម្មគ្រប់ទម្រង់ និងបានជំរុញឱ្យអាជ្ញាធរអាហ្វហ្គានីស្ថាន ខិតខំប្រឹងប្រែងព្យាបាលអ្នករបួស ព្រមទាំងស្វែងរកមុខសញ្ញាជនដៃដល់មកផ្ដន្ទាទោសឱ្យបានតឹងរ៉ឹងបំផុត។ ទោះបីជាបណ្ដាប្រទេសភាគច្រើនបានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់កាន់អំណាច ប៉ុន្តែចិននៅតែរក្សាវត្តមានសេដ្ឋកិច្ចយ៉ាងសំខាន់នៅទីនោះ បើទោះបីជាមិនទាន់ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការក៏ដោយ។

ស្ថានភាពនេះ ក៏បានធ្វើឱ្យភាពតានតឹងរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន កាន់តែកើនកម្ដៅផងដែរ។ ប្រធានាធិបតីប៉ាគីស្ថាន លោក អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari) បានរិះគន់រដ្ឋាភិបាលតាលីបង់ថា បានបរាជ័យក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងមិនអាចទប់ស្កាត់ក្រុមសកម្មប្រយុទ្ធមិនឱ្យប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីធ្វើការវាយប្រហារ។ យ៉ាងណា ខាងរដ្ឋាភិបាលកាប៊ុល តែងតែបដិសេធ និងអះអាងថា ខ្លួនមិនដែលអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធណាមួយប្រើប្រាស់ទឹកដីខ្លួនឡើយ។ បច្ចុប្បន្ន អាជ្ញាធរអាហ្វហ្គានីស្ថានកំពុងបន្តការស៊ើបអង្កេតយ៉ាងដិតដល់លើករណីផ្ទុះនេះ ខណៈមន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅក្បែរនោះ កំពុងផ្ដោតលើការជួយសង្គ្រោះជនរងគ្រោះ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត