មេរោគនៃអំពើពុករលួយ កំពុងស៊ីរូងខួរឆ្អឹងខ្នងបក្សកុម្មុយនីស្ដចិនយ៉ាងស្ងៀមស្ងាត់
ហៀប ស៊ីថេត
20 មករា 2026 02:47 AM

រដ្ឋធានីប៉េកាំង៖ ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិន បានបញ្ជាក់ថា បុគ្គលជិតមួយលាននាក់ ត្រូវបានពិន័យពីបទពាក់ព័ន្ធអំពើពុករលួយក្នុងឆ្នាំ២០២៥ ហើយក្នុងចំណោមនោះ មានមន្រ្តីជាន់ខ្ពស់៦៩នាក់ ត្រូវបានទទួលទណ្ឌកម្ម។ កត្តាអំពើពុករលួយនេះ បានប៉ែងជើងផ្តួលវិស័យការពារជាតិចិនយ៉ាងអាម៉ាស់ ខណៈរដ្ឋធានីប៉េកាំង កំពុងព្យាយាមដុះខាត់ចង្កូមយោធារបស់ខ្លួនឱ្យកាន់តែមុតស្រួច ចំពេលភូមិសាស្ត្រនយោបាយកាន់តែពិបាកនឹកស្មាន...។

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយគណៈកម្មការកណ្តាល សម្រាប់អធិការកិច្ចវិន័យ (CCDI) របស់ប្រទេសចិន បង្ហាញថា មនុស្សចំនួន៩៨៣ ០០០នាក់ បានទទួលការពិន័យលើបញ្ហាផ្សេងៗកាលពីឆ្នាំ២០២៥។ នេះជាចំនួនដែលបានកើនឡើង ១០,៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤ មានចំនួន៨៨៩ ០០០នាក់។ អំឡុងសម័យប្រជុំពេញអង្គរបស់ CCDI លោក ស៊ី ជីនពីង បានបន្លឺសំឡេងព្រមានថា ចិនត្រូវតែលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយជាមួយនឹងការប្តេជ្ញាចិត្តកាន់តែខ្លាំង និងស្វែងរកមធ្យោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយរាល់និន្នាការថ្មីនៃអំពើពុករលួយ។ លោក ស៊ី ​បន្ថែម​ថា​៖«​អំពើ​ពុក​រលួយ​[..]គឺជា​ការ​បិទ​ផ្លូវ និង​ជាដុំ​ថ្ម​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​បក្ស និង​ប្រទេស​ជាតិ។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​គឺ​ជា​សមរភូមិ​ដ៏​សំខាន់​មួយ​ ដែល​យើង​មិន​អាច​មាន​លទ្ធភាព​ចាញ់​ និង​មិន​ត្រូវ​ចាញ់»។

លោក ស៊ី ជីនពីង
លោក ស៊ី ជីនពីង

យុទ្ធនាការ​កណ្តាប់ដៃដែក​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក ស៊ី នៅ​តែ​បន្ត សូម្បីតែមេដឹកនាំយោធាកំពូលរបស់ចិន២រូប ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ដផងដែរកាលពីខែតុលា ឆ្នាំ២០២៥ ពីបទពុករលួយ។ ទន្ទឹមគ្នានេះ នៅក្នុងយុទ្ធនាការឆ្នាំ២០២៥ អាជ្ញាធរបានស៊ើបអង្កេតបុគ្គលចំនួន៣៣០០០នាក់ ពីបទផ្តល់សំណូក ហើយបក្សក៏បានផ្ទេរពួកគេចំនួន៤៣០៦នាក់ទៅឱ្យព្រះរាជអាជ្ញាកាត់ទោស។ តើហេតុអ្វី បានជាអំពើពុករលួយកំពុងស៊ីរូងខួរឆ្អឹងខ្នងបក្សកុម្មុយនីស្ដ្តចិន..? ជាការពិតណាស់ ដោយសារវិបត្តិអំពើពុករលួយចាក់ស្រែះពីសំណាក់ក្បាលម៉ាស៊ីនការពារជាតិធំៗ បានធ្វើឱ្យចំណូលក្រុមហ៊ុនយោធាកំពូលរបស់ចិនធ្លាក់ចុះ១០ភាគរយ។ ១០ភាគរយមិនតិចឡើយសម្រាប់ប្រទេសចិន ក្នុងនាមជាមហាអំណាចទី២របស់ពិភពលោក ស្របពេលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ជុំវិញបញ្ហាសមុទ្ទចិនខាងកើត និងសមុទ្ទចិនខាងត្បូង ជាពិសេស ផែនការរបស់រដ្ឋធានីប៉េកាំងដើម្បីកៀងកូនកោះតៃវ៉ាន់ឱ្យចូលក្រោលបក្សកុម្មុយនីស្ដចិនវិញ។

ការដាំក្បាលចុះនៃប្រាក់ចំណូលក្រុមហ៊ុនយោធារបស់ចិន បានលាតត្រដាងយ៉ាងប្រត្យក្សថា បញ្ហាអំពើពុករលួយ បាននិងកំពុងចាកឫសយ៉ាងជ្រៅក្នុងសរសៃឈាមបក្សកុម្មុយនីស្ដចិន ទន្ទឹមនឹងក្រុមហ៊ុនយោធានៅក្នុងប្រទេសជប៉ុន បានកើនឡើង៤០ភាគរយ, អាល្លឺម៉ង់៣៦ភាគរយ និងប្រាក់ចំណូលក្រុមហ៊ុនយោធារបស់សហរដ្ឋអាម៉េរិកកើនឡើង៣,៨ភាគរយ។ នេះបើតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខូលម៍ ឬSIPRI៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត