បុរី មេគង្គ លែន (Borey Mekong Land) ចាប់ដៃជាមួយធនាគារ (Bank of China) ជួយអតិថិជនសម្រេចក្ដីស្រមៃក្លាយជាម្ចាស់ផ្ទះ
ហាក់ អ៊ីឌី
24 មករា 2026 11:05 AM

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បុរី មេគង្គ លែន (Borey Mekong Land) និង ធនាគារចិន (Bank of China) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី» ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការផ្ដល់ជូននូវសេវាកម្មឥណទានគេហដ្ឋានប្រកបដោយទំនុកចិត្ត និងអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ប្រជាជនកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់អ្នកស្រី ស្រ៊ុន គីមណាយ នាយកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នៃបុរី មេគង្គ លែន និង លោក Yeung Kin Man អនុអគ្គនាយកប្រតិបត្តិនៃធនាគារចិន (Bank of China) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងជួយឱ្យអតិថិជនសម្រេចក្ដីស្រមៃក្នុងការធ្វើជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួន កាន់តែងាយស្រួល និងមានប្រសិទ្ធភាព តាមរយៈការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍលំនៅឋានប្រកបដោយគុណភាពរបស់ បុរី មេគង្គ លែន និងសេវាកម្មហិរញ្ញវត្ថុកម្រិតអន្តរជាតិរបស់ធនាគារចិន។ កញ្ចប់ឥណទានពិសេសសម្រាប់អតិថិជន បុរី មេគង្គ លែន តាមរយៈកិច្ចសហការនេះ ធនាគារចិន នឹងផ្ដល់ជូននូវលក្ខខណ្ឌឥណទានដ៏ល្អប្រសើររួមមាន៖·អត្រាការប្រាក់ទាបពិសេស ត្រឹមតែ​ ៦,២០% ក្នុងមួយឆ្នាំ រយៈពេលឥណទានវែងរហូតដល់២០ឆ្នាំ ទំហំឥណទានចាប់ពី៣០,០០០ដុល្លារ ឡើងទៅ កម្រៃសេវាអនុម័តកម្ចីត្រឹមតែ០,៥% *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានោះផងដែរ លោកស្រី ស្រ៊ុន គីមណាយ បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខានាថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីចក្ខុវិស័យរួមដ៏ច្បាស់លាស់ ក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតជូនដល់ប្រជាជនកម្ពុជា ។ ភាពជាដៃគូនេះនឹងត្រួសត្រាយផ្លូវឱ្យអតិថិជនរបស់យើង ទទួលបានគេហដ្ឋានក្នុងក្ដីស្រមៃប្រកបដោយគុណភាព រួមជាមួយលក្ខខណ្ឌហិរញ្ញវត្ថុដ៏ប្រសើរពី ធនាគារ ចិន» ។បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១។ និង ៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។

គួរបញ្ជាក់ផងដែរថា ធនាគារចិន (Bank of China) ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១០ ដោយសារខារាជធានីភ្នំពេញ គឺជាផ្នែកដ៏សំខាន់មួយនៃ គ្រុបធនាគារចិន (Bank of China Group) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេលំដាប់សកល និងមានប្រវត្តិចូលរួមចំណែកក្នុងវិស័យនេះអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងពិភពលោក ធនាគារចិន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះបណ្តាញទំនាក់ទំនងអន្តរជាតិ និងឧត្តមភាពលេចធ្លោក្នុងប្រតិបត្តិការអាជីវកម្មជារូបិយបណ្ណយ័នចិន (RMB)។ នៅក្នុងប្រទេសកម្ពុជា សាខាធនាគារនេះ កាន់កាប់អាជ្ញាបណ្ណធនាគារជាសកល (Universal Banking License) ហើយតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង១០ក្នុងប្រទេស ផ្អែកលើទំហំទ្រព្យសកម្មសរុប និងប្រាក់បញ្ញើ។ ជាមួយនឹងការប្តេជ្ញាចិត្តលើការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ធនាគារ ចិន នៅតែបន្តផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយដល់សហគ្រាស និងគ្រួសារកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត