
ទីក្រុងដាវ៉ូស៖ រយៈពេល៥ថ្ងៃនៃកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស បានបិទបញ្ចប់ទៅនៅក្រោមឥទ្ធិពលដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យមេដឹកនាំពិភពលោក និងមហាសេដ្ឋីធំៗភ្ញាក់ផ្អើល និងព្រួយបារម្ភក្នុងពេលតែមួយ។ តើកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូសទទួលបានអ្វីខ្លះ...?

យោងតាមការចុះផ្សាយដោយកាសែតរ៉យទ័រនាថ្ងៃទី២៤ ខែមករា វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦នេះ ទទួលបានមេរៀន៥ចំណុចធំៗ ប៉ុន្តែគ្រប់យ៉ាងស្ថិតនៅក្រោមក្រញាំដែករបស់ស្តេចន្ទ្រី ដូណាល់ ត្រាំ។ ទី១ ភូមិសាស្ត្រនយោបាយ៖ មេរៀនធំបំផុតសម្រាប់អឺរ៉ុប គឺការហ៊ានក្រោកឈរតទល់នឹងមហិច្ឆតារបស់លោក ត្រាំ ក្នុងរឿងចង់ទិញយកកោះទឹកកកហ្គ្រីនឡែន ឬហ្គ្រោអង់ឡង់របស់ប្រទេសដាណឺម៉ាក។ ការប្រឆាំងយ៉ាងដាច់អហង្កាពីសំណាក់អឺរ៉ុប បានបង្ខំឱ្យលោក ត្រាំ ដកថយវិញមួយជំហាន ប៉ុន្តែវាបានបន្សល់ទុកនូវស្នាមប្រេះឆារនៃភាពមិនទុកចិត្តរវាងសម្ព័ន្ធមិត្តចាស់វស្សាទាំង២។ នេះមានន័យថា អឺរ៉ុបលែងមើលឃើញអាម៉េរិកជាបង្អែកដ៏កក់ក្ដៅដូចមុនទៀតហើយ ហើយកំពុងរិះរកវិធីពង្រឹងស្វ័យភាពររបស់ខ្លួនឱ្យបានលឿនជាងមុន ដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់នៃនយោបាយដ៏ស្មុគស្មាញរបស់វ៉ាស៊ីនតោន។

ទី២ សេដ្ឋកិច្ច៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក មហាសេដ្ឋីអាម៉េរិក ដូណាល់ ត្រាំ ពិតជាធ្វើឱ្យភពលោកហើបមាត់និយាយមិនរួច ជុំវិញគំនាបពន្ធ មូលនិធិក្រុមប្រឹក្សាសន្តិភាព និងការដកខ្លួនអាម៉េរិកចេញពីអង្គការសុខភាពពិភពលោកជាដើម។ មែនទែនទៅ ការគំរាមកំហែងពន្ធដាររបស់អាម៉េរិក បានជំរុញឱ្យបណ្ដាក្រុមហ៊ុនយក្សៗ និងប្រទេសនានា ចាប់ផ្ដើមបង្វែរទិសដៅពាណិជ្ជកម្មចេញពីសហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយហានិភ័យចេញពីនយោបាយគាំពារនិយមជ្រុល។ ទី៣ បញ្ញាសិប្បនិម្មិត(AI)៖ ឧស្សាហកម្មបច្ចេកវិទ្យាបានហោះទៅដល់ទីក្រុងដាវ៉ូសយ៉ាងពេញទំហឹង ជាមួយនឹងការបង្ហាញខ្លួនដ៏កម្រដោយនាយកប្រតិបត្តិតេសឡា លោក អ៊ីឡុន ម៉ាស និងលោក ជេនសិន ហ័ង (Jensen Huang) នាយកប្រតិបត្តិនៃក្រុមហ៊ុម Nvidia។ នៅពេលនេះវិស័យធុរកិច្ចបានយល់ស្របថា AI គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី ប៉ុន្តែអ្នកជំនាញយល់ថា AI គ្រាន់តែជាលេសនៃការបញ្ឈប់បុគ្គលិកប៉ុណ្ណោះ។

ទី៤ ថាមពល៖ វិស័យប្រេងមានឥទ្ធិពលវិញយ៉ាងខ្លាំង ក្រោមការគាំទ្រពីលោក ត្រាំ ដែលបញ្ជាឱ្យផ្អាកគម្រោងថាមពលខ្យល់ ដើម្បីជំរុញការខួងប្រេងជំនួស។ ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋី អ៊ីឡុន ម៉ាស បានចេញមុខតទល់ដោយអះអាងថា អាម៉េរិកអាចពឹងផ្អែកលើថាមពលពន្លឺព្រះអាទិត្យបាន១០០ភាគរយ ដោយមិនចាំបាច់បឹងផ្អែកលើប្រេងទាំងស្រុង។ ទី៥ វិស័យការពារជាតិ៖ ពិភពលោកបានដកដង្ហើមយ៉ាងធូរស្រាលវិញ បន្ទាប់ពីលោក ត្រាំ អះអាងថានិងមិនប្រើយោធាចំពោះការទាមទារកោះហ្គ្រីនឡែន។ ប៉ុន្តែ លោក ត្រាំ បានធ្វើឱ្យពិភពលោកស្រឡាំងកាំង តាមរយៈប្រតិបត្តិការលឿនដូចផ្លេកបន្ទោរលើការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ុយអេឡា ដល់បន្ទប់គេង។ ការណ៍នេះបានធ្វើឱ្យរុស្ស៊ី និងចិនភ្នែកនៅកញ្ចឹងក ដោយត្រូវបង្ខំចិត្តត្រឡប់ទៅរៀបយុទ្ធសាស្ត្រការពារខ្លួនជាថ្មី។ ទន្ទឹមនឹងសង្គ្រាមអ៊ុយក្រែននៅតែជាស្រមោលអន្ទោលតាមប្រាណ បើទោះជាមានការប៉ុនប៉ងចរចាសន្តិភាពក៏ដោយ។ គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូសឆ្នាំ២០២៦ គឺជាសញ្ញាព្រមានថា ពិភពលោកកំពុងឈានជើងចូលយុគសម័យដែលមិនអាចទាយទុកជាមុនបាន ដោយសារច្បាប់ថ្មីនៃល្បែងមហាអំណាច៕





