
ក្រុងព្រះសីហនុ៖ ឆាប់ៗនេះ ក្រុមហ៊ុនកែច្នៃ និងកម្ទេចចោលសំណល់រថយន្ត និងលោហៈធាតុផ្សេងៗ នឹងលេចវត្តមាននៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ…។

ក្រុមហ៊ុន Mi Ner Va Investment Co, Ltd ជាក្រុមហ៊ុនកែច្នៃ និងកម្ទេចចោលសំណល់ក្នុងស្រុក ដូចជា៖ រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ ពោលគឺមិនមាននាំចូលពីក្រៅប្រទេសឡើយ។ ក្រុមហ៊ុននេះ ត្រៀមបោះទីតាំងដំណើរការការងារលើផ្ទៃដីទំហំប្រមាណជាង១៥ម៉ឺន៥ពាន់ម៉ែត្រការ៉េ ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ១០,៩លានដុល្លារអាម៉េរិក។

មុនដំណើរការគម្រោងក្រុមហ៊ុនកែច្នៃ និងកម្ទេចចោលសំណល់ខាងលើ មន្រ្តីពាក់ព័ន្ធមកពីក្រសួងបរិស្ថាន មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី២១មករា បានរួមគ្នាពិនិត្យ ផ្តល់យោបល់ វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍មួយនេះ ដើរទន្ទឹមគ្នានឹងកិច្ចគាំពារបរិស្ថាន៕



