អាម៉េរិកបញ្ជូននាវាចម្បាំងសាហាវៗទៅមជ្ឈិមបូព៌ា ព្រមានអ៊ីរ៉ង់កុំឱ្យសម្លា.ប់អ្នកទោស ឬផលិតគ្រា.ប់នុយក្លេអ៊ែ
N
Nary Vann
23 មករា 2026 04:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២២ខែមករាថា សហរដ្ឋអាម៉េរិកបានបញ្ជូន «កងនាវាចម្បាំងដ៏មហិមា» សំដៅទៅកាន់តំបន់មជ្ឈិមបូព៌ា។ លោកបានបញ្ជាក់ថា នេះគឺជាវិធានការបង្ការទុកជាមុន ដើម្បីឆ្លើយតបទៅនឹងការបារម្ភថា អ៊ីរ៉ង់អាចនឹងចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែឡើងវិញ ឬបន្តបង្ក្រាបយ៉ាងសាហាវលើក្រុមអ្នកតវ៉ានៅអ៊ីរ៉ង់។

មន្ត្រីអាម៉េរិកបានបង្ហើបថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln (យូអេសអេស អាប្រាហាំ លីនខុន) រួមជាមួយនាវាបំផ្លាញមីស៊ីលជាច្រើនគ្រឿងទៀត នឹងទៅដល់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ។ ក្រៅពីនេះ អាម៉េរិកក៏គ្រោងនឹងដាក់ពង្រាយប្រព័ន្ធការពារយន្តហោះបន្ថែម ដើម្បីការពារមូលដ្ឋានទ័ពរបស់ខ្លួនពីការវាយប្រហារសងសឹកណាមួយពីសំណាក់អ៊ីរ៉ង់។ ការចល័តសព្វាវុធ និងកងទ័ពនេះ ផ្ដល់ជម្រើសកាន់តែច្រើនដល់លោក ត្រាំ ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់បន្ថែមទៀត ប្រសិនបើចាំបាច់ ដូចដែលលោកធ្លាប់បានធ្វើកាលពីខែមិថុនាឆ្នាំមុន។

លោក ត្រាំ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការប្រើសម្ដីធ្ងន់ៗរបស់លោក បានជួយសង្គ្រោះជីវិតអ្នកទោសអ៊ីរ៉ង់ប្រមាណ៨៤០នាក់ ដែលគ្រោងនឹងត្រូវយកទៅសម្លាប់។ លោកបានរំឭកពីពាក្យសម្ដីដែលលោកបានព្រមានមេដឹកនាំអ៊ីរ៉ង់ថា៖«ប្រសិនបើអ្នកឯងហ៊ានព្យួរ-កមនុស្សទាំងនោះ អ្នកនឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានពីមុនមក។ ការវាយប្រហារលើកមុនរបស់អាម៉េរិកលើកម្មវិធីនុយក្លេអ៊ែរបស់អ្នក នឹងក្លាយជារឿងកំប៉ិកកំប៉ុកភ្លាម បើធៀបនឹងអ្វីដែលយើងនឹងធ្វើលើកនេះ»។ 

បច្ចុប្បន្ន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កំពុងព្រួយបារម្ភយ៉ាងខ្លាំង ព្រោះអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ (៦០ភាគរយ) ប្រមាណជាង៤៤០គីឡូក្រាម ដែលបរិមាណនេះអាចយកទៅផលិតគ្រាប់បែកនុយក្លេអ៊ែបានដល់ទៅ១០គ្រាប់។ អស់រយៈពេល៧ខែមកហើយដែលភ្នាក់ងារអន្តរជាតិមិនបានចូលទៅត្រួតពិនិត្យសារធាតុទាំងនេះ ដែលនេះជាហេតុផលធ្វើឱ្យលោក ត្រាំ ប្រកាសព្រមានថា៖«បើពួកគេព្យាយាមផលិតវាម្ដងទៀត យើងនឹងវាយប្រហារពួកគេនៅទីនោះភ្លាម ដោយគ្មានការរួញរាឡើយ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត