សហភាពអឺរ៉ុបផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ឆ្លើយតបនឹងការចង់បានកោះហ្គ្រីនឡែន
N
Nary Vann
22 មករា 2026 09:30 AM

អឺរ៉ុប-អាម៉េរិក៖ សភាអឺរ៉ុប បានសម្រេចចិត្តផ្អាកជាបន្ទាន់នូវការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២១មករា ដើម្បីជាការតវ៉ាប្រឆាំងនឹងការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលចង់គ្រប់គ្រងកោះហ្គ្រីនឡែន។ ការសម្រេចចិត្តនេះ បានធ្វើឱ្យភាពតានតឹងផ្នែកពាណិជ្ជកម្មដែលធ្លាប់តែស្ងប់ស្ងាត់តាំងពីខែកក្កដា ត្រលប់មកជាឆាបឆេះឡើងវិញ និងថែមទាំងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គោះរង្គើ...។

លោក ប៊ើន ឡែង Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា អឺរ៉ុបគ្មានជម្រើសអ្វីក្រៅពីផ្អាកកិច្ចព្រមព្រៀងនេះឡើយ រហូតទាល់តែអាម៉េរិកងាកមកប្រើផ្លូវសហការ ជាជាងការប្រឈមមុខដាក់គ្នា។ លោកក៏បានបង្ហើបពីលទ្ធភាពនៃការប្រើប្រាស់វិធានការសងសឹកធ្ងន់ធ្ងរ ដែលគេប្រសិទ្ធនាមថា «កាំភ្លើងធំពាណិជ្ជកម្ម» ប្រឆាំងនឹងទំនិញអាម៉េរិក ដែលមានតម្លៃរហូតដល់៩៣ពាន់លានអឺរ៉ូ ប្រសិនបើលោក ត្រាំ នៅតែបន្តការគំរាមកំហែង។ យ៉ាងណា ត្រឹមតែប៉ុន្មានម៉ោងក្រោយការប្រកាសរបស់អឺរ៉ុប លោក ត្រាំ ក៏បានបង្ហោះសារតាមបណ្ដាញសង្គមថា លោកបានឈានដល់ «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» មួយលើអនាគត ហ្គ្រីនឡែន ហើយនឹងមិនដាក់ពន្ធលើសមាជិកណាតូទាំង៨ប្រទេសឡើយ។ 

ទោះបីជាស្ថានការណ៍ហាក់ដូចជាធូរស្រាលវិញបន្តិចមែន ប៉ុន្តែទំនុកចិត្តរវាងអឺរ៉ុប និងអាម៉េរិក បានធ្លាក់ចុះដល់បាត។ រឿងនេះ បានធ្វើឱ្យតម្លៃ មាស និងប្រាក់ ហក់ឡើងខ្ពស់កប់ពពក ដែលបង្ហាញថា វិនិយោគិននៅតែមានការព្រួយបារម្ភ និងងាកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ជាជាងការទុកចិត្តលើស្ថិរភាពនយោបាយ។ បច្ចុប្បន្ន ពិភពលោកកំពុងរង់ចាំមើលថា តើកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃ១,៦ទ្រីលានអឺរ៉ូ រវាងអាម៉េរិក និងអឺរ៉ុប អាចនឹងស្រោចស្រង់បានវិញដែរឬទេ ក្រោយការប្រកាសក្របខណ្ឌថ្មីរបស់លោក ត្រាំ នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត