ថៃឆេះដុំ​ ក្រោយជនជាតិភូមាបា.ញ់មន្រ្តីខ្លួននៅព្រំដែន
ហៀប ស៊ីថេត
21 មករា 2026 08:18 AM

រាជធាមីបាងកក៖ ព្រំដែនថៃ-ភូមា ចាប់ផ្តើមក្ដៅដូចខែចែត្រហើយ! ប៉ូលិសថៃ១០០នាក់ បានបើកការប្រមាញ់ទ្រង់ទ្រាយធំមួយ នៅថ្ងៃទី២១មករា ឆ្នាំ២០២៦នេះ បន្ទាប់ពីជនជាតិភូមាម្នាក់ ត្រូវបានចោទប្រកាន់ថា បានបាញ់មន្ត្រីប៉ូលិសថៃម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរ អំឡុងពេលប្រតិបត្តិការលាក់កំបាំង ដើម្បីទិញអាវុធខុសច្បាប់នៅក្នុងស្រុកម៉ែសូត្រ ខេត្តតាក ប្រទេសថៃ ជាប់ព្រំដែនជាមួយប្រទេសភូមា...។

ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅព្រឹកថ្ងៃទី២១មករា លើផ្លូវក្បែរហាងទំនិញមួយកន្លែង ក្នុងភូមិផាឡាដ(พลัด) ឃុំម៉ែគូ (แม่กู่) ស្រុកម៉ែសូត្រ ខេត្តតាក ពាក់ព័ន្ធករណីជួញដូរ​អាវុធ​ឆ្លង​ដែន។ នៅពេល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​ប្រើ​កាំភ្លើង​ភ្ជង់ រួចកេះកៃ​បាញ់​ទៅលើ​ប៉ូលិសថៃវ័យ៥១​ឆ្នាំម្នាក់ បណ្ដាលឱ្យគ្រាប់​កាំភ្លើង​ហោះ​ទៅទម្លុះ​ពោះមន្ត្រីប៉ូលិសរូបនោះ ​រង​របួសយ៉ាង​ធ្ងន់ធ្ងរ ក្រោយមក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យស្រុកម៉ែសូត្រភ្លាមៗ ដើម្បីធ្វើ​ការ​វះកាត់​សង្គ្រោះ​អាយុជីវិតបន្ទាន់។

រូបភាពតំណាង
រូបភាពតំណាង

ជនសង្ស័យ គឺជាជនជាតិភូមា២នាក់។ ជនសង្ស័យទី១ ​អាយុ​២០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ ហើយកំពុងត្រូវបាន​សាកសួរព័ត៌មាន​។ ចំណែកជនសង្ស័យម្នាក់ទៀត មានអាយុ២០ឆ្នាំដូចគ្នា បានរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុកត្រឹមម៉ូតូ និងកាំភ្លើងខ្លីមួយដើម នៅកន្លែងកើតហេតុ។ យ៉ាងណា ប៉ូលិស​កំពុងបើក​ការ​ស៊ើបអង្កេត​។ សន្តិសុខត្រូវបានរឹតបន្តឹងភ្លាមៗនៅតាមដងផ្លូវធំៗជិតព្រំដែន ខណៈប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបង្កើតឡើង និងក្រុមប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅក្នុងតំបន់គោលដៅ។ គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ នាំឱ្យភាពចលាចលនៅតាមបណ្តោយព្រំដែនថៃ-ភូមា កាន់តែឡើងកម្តៅខ្លាំងថែមមួយកម្រិតទៀត​ ស្របពេលវិបត្តិព្រំដែនរវាងប្រទេសទាំង២ កំពុងតែផុយស្រួយរួចទៅហើយ បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ហ៊ានប្រកាសឯករាជ្យ ដែលមានថៃជាខ្នងបង្អែក៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត