
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដាច់អហង្កាប្រឆាំងគ្រប់សកម្មភាពរបស់យោធាថៃឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេស នៅតំបន់ប្រសាទតាក្របី ព្រោះសកម្មភាពនេះ គឺជាការរំលោភបំពានទាំងស្រុងនឹងគោលការណ៍ជាមូលដ្ឋាន ដោយមិនអាចបដិសេធបាន…។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២មករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌បានអះអាងថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា តាំងពីដើមរៀងមក។ ស្របតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ចុះថ្ងៃទី២មករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវប្បធម៌ប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ ទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅជិតប្រាសាទ។

ក្រសួងវប្បធម៌ ចាត់ទុកសកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ ជាថ្មីម្ដងទៀត ក្រសួងស្នើភាគីថៃ បញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា ហើយត្រូវងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ សូមជម្រាបថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដោយបានគិតទុកមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ថៃបានវាយសម្រុកចូលទន្ទ្រានកាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤ រួមមាន៖ ១.ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស, ២.ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន, ៣.ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជម្នះ) និង៤.ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា៕




