
រាជធានីបាងកក៖ លោក ប៊ុនស៊ីន ផាដក្លាង អតីតមេបញ្ជាការតំបន់ទី២នៃកងយោធពលភូមិន្ទថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦វិច្ឆិកាថា កងកម្លាំងយោធា គួរតែបន្តខិតខំប្រឹងប្រែងដើម្បីដណ្តើមយកប្រាសាទតាក្របីឡើងវិញ ដើម្បីឧទ្ទិសដល់ទាហានដែលបានបាត់បង់ជីវិត និងការពារអធិបតេយ្យភាពជាតិ...។

លោក ប៊ុនស៊ីន បច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាអគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទថៃ បានលើកទឹកចិត្តដល់បុគ្គលិកយោធាឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទាមទារយកប្រាសាទបុរាណតាក្របីឡើងវិញ ព្រោះជាតំបន់ជម្លោះដ៏សំខាន់មួយជាមួយប្រទេសកម្ពុជា។ លោកបាននិយាយថា មានវិធីសាស្ដ្រជាច្រើនដើម្បីសម្រេចបានគោលដៅនេះ។ លោក ប៊ុនស៊ីន បានធ្វើការកត់សម្គាល់នេះ ក្នុងវេទិកាជាមួយអតីតយុទ្ធជនសង្គ្រាម និងនិស្សិតការពារទឹកដី ដែលរៀបចំដោយអង្គការអតីតយុទ្ធជនសង្គ្រាមថៃ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្លឹបកងទ័ពក្នុងរាជធានីបាងកក ដើម្បីរំលឹកដល់ភាពក្លាហាន និងការលះបង់របស់ទាហានថៃ ដែលបានបម្រើក្នុងសង្គ្រាមលោកលើកទី១ និងពិធីគោរពវិញ្ញាណក្ខន្ធទាហានដែលបានស្លាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។

លោក ប៊ុនស៊ីន ផាតក្លាង លើកឡើងថា លោកមិនបានរំពឹងទុកថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជា នៅតាមព្រំដែន ផ្ទុះឡើងធំដល់ប៉ុននេះទេ។ លោកបានសម្ដែងនូវមោទនភាពចំពោះតួនាទីរបស់លោក និងបានគោរពវិញ្ញាណក្ខន្ធដល់ទាហានថៃទាំង១៦នាក់ ដែលបានបាត់បង់ជីវិតក្នុងអំឡុងជម្លោះនាពេលថ្មីៗនេះ។ ទោះជាបានចូលនិវត្តន៍តាំងពីថ្ងៃទី៣០ ខែកញ្ញា លោក ប៊ុនស៊ីន នៅតែប្តេជ្ញាចិត្តក្នុងការជំរុញទឹកចិត្តស្នេហាជាតិ និងបន្តចូលរួមជាមួយប្រជាពលរដ្ឋដែលចែករំលែកការលះបង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ លោកក៏បានជំរុញឱ្យយុវជនជំនាន់ក្រោយប្រកាន់ខ្ជាប់នូវគុណតម្លៃដែលស្ថិតស្ថេរទាំងនេះ។

ដោយរៀបរាប់ពីឧប្បត្តិហេតុព្រំដែនកន្លងមក លោក ប៊ុនស៊ីន បានចោទប្រកាន់កងទ័ពកម្ពុជាថា បានឆ្លងដែនចូលទឹកដីថៃម្ដងហើយម្ដងទៀត ជាសកម្មភាពដែលលោកបាននិយាយថា មិនគោរពដល់កងកម្លាំងថៃ និងបានបង្ខំប្រទេសថៃឆ្លើយតបជាមួយនឹងវិធានការកាន់តែខ្លាំង។ យ៉ាងណា លោកបានទទួលស្គាល់ថា វិធានការរបស់គាត់នៅពេលនោះ គឺមានកម្រិត ដោយសារតែការត្រួតពិនិត្យជាអន្តរជាតិ៕


