កម្ពុជាគួរចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពជាមួយអាម៉េរិកឬអត់? ៣ឆ្នាំដំបូង ហ្វ្រ៊ី (Free) តែបើចង់មានវត្តមានរហូត ត្រូវបង់១ពាន់លានដុល្លារ
Mao Sopha
22 មករា 2026 04:51 AM

រាជធានីភ្នំពេញ៖ ក្នុងចំណោមប្រទេសប្រមាណជិត៦០ ក៏មានកម្ពុជាដែរ ដែលទទួលបានលិខិតពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក អញ្ជើញសុំឱ្យចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមគំនិតបង្កើតឡើងលោក ត្រាំ និងធ្វើជាប្រធានក្រុមប្រឹក្សានេះខ្លួនឯងផ្ទាល់។ យោងតាមសេចក្តីព្រាងធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព និងការពន្យល់របស់សារព័ត៌មាន Hespress (ហេសប្រេស) គ្រប់ប្រទេសដែលចូលជាសមាជិក នឹងមិនបង់ប្រាក់ឡើយ សម្រាប់៣ឆ្នាំដំបូង ដោយមានឈ្មោះថាជាសមាជិកធម្មតា តែបើចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ និងអាចបន្តមានវត្តមានក្នុងក្រុមប្រឹក្សាសន្តិភាព ត្រូវបង់ប្រាក់វិភាគទាន១ពាន់លានដុល្លារ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ត្រាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ត្រាំ

ប្រាក់១ពាន់លានដុល្លារនេះ គឺត្រូវបង់នៅឆ្នាំដំបូង មានន័យថា បើចូលរួមនៅឆ្នាំ២០២៦ គឺត្រូវបង់ប្រាក់នៅឆ្នាំ២០២៦នេះទៅតែម្តង ដើម្បីបានកៅអីសមាជិកអចិន្ត្រៃយ៍។ ចំពោះប្រទេសជាសមាជិកធម្មតាដែលពុំបានបង់ប្រាក់១ពាន់លានដុល្លារ នៅពេល៣ឆ្នាំក្រោយ នឹងត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន។ ប្រធានាធិបតីអាម៉េរិក ដែលជាប្រធានក្រុមប្រឹក្សាសន្តិភាពនេះ ជាអ្នកសម្រេចថា ឱ្យប្រទេសនោះបន្តធ្វើជាសមាជិកទៀត ឬត្រូវបញ្ចប់។ ប៉ុន្តែ ជាទូទៅ អាចនឹងត្រូវបញ្ចប់សមាជិកភាព ព្រោះយោងតាមហេតុផល គឺថា ប្រទេសនោះ មិនបង់ប្រាក់ មានន័យស្មើនឹងមិនចង់បន្តធ្វើជាសមាជិក។  

យោធាឈ្លានពានថៃ ដាក់ទូកុងទឺន័រ ស្រាស់បន្លាលួស និងដោតទង់ជាតិខ្លួន ក្នុងដីខ្មែរ។
យោធាឈ្លានពានថៃ ដាក់ទូកុងទឺន័រ ស្រាស់បន្លាលួស និងដោតទង់ជាតិខ្លួន ក្នុងដីខ្មែរ។

តើកម្ពុជា គួរចូលជាសមាជិក ឬក៏អត់? បើចូល ចូលជាសមាជិកធម្មតា ឬសុខចិត្តលះបង់១ពាន់លានដុល្លារដើម្បីបានក្លាយជាសមាជិកអចិន្រ្តៃយ៍ឬទេ? បើចូល តើកម្ពុជាចំណេញច្រើនជាង ឬខាតច្រើនជាង? ជាពិសេសនោះ ក្រៅពីចូលរួមរកដំណោះស្រាយសម្រាប់ប្រទេសដទៃ តើកម្ពុជាក្នុងឋានៈជាសមាជិកធម្មតា​ ឬជាសមាជិកអចិន្រ្តៃយ៍ អាចពឹងក្រុមប្រឹក្សាសន្តិភាពរបស់អាម៉េរិក ឱ្យជួយទប់ស្កាត់ថៃបញ្ឈប់ការឈ្លានពានកម្ពុជាដែរឬទេ? ក្នុងចំណោមប្រទេសទាំង១១នៅតំបន់អាស៊ាន មាន៥ប្រទេសហើយ ដែលទទួលបានលិខិតអញ្ជើញពីលោកត្រាំ គឺ វៀតណាម សិង្ហបុរី ថៃ ឥណ្ឌូណេស៊ី និងកម្ពុជា។ វៀតណាម និងឥណ្ឌូណេស៊ី សម្រេចចិត្តភឹងៗចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ខណៈសិង្ហបុរី ថៃ និងកម្ពុជា កំពុងស្ថិតក្នុងការពិចារណា។  

ទង់ជាតិកម្ពុជា សិង្ហបុរី ថៃ និងវៀតណាម។ 
ទង់ជាតិកម្ពុជា សិង្ហបុរី ថៃ និងវៀតណាម។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះលិខិតអញ្ជើញរបស់លោក ត្រាំ លើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែលិខិតនេះ ចុះកាលបរិច្ឆេទតាំងពីថ្ងៃទី១៦ ខែមករា។ ក្នុងលិខិត លោក ត្រាំ ស្នើសុំឱ្យមេដឹកនាំកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដើម្បីចូលរួមធ្វើកិច្ចការជាមួយគ្នា ដែលប្រធានាធិបតីនៃប្រទេសមហាអំណាចលេខមួយរូបនេះ ហៅថា ជាកិច្ចការប្រវត្តិសាស្រ្តដ៏អស្ចារ្យក្នុងការពង្រឹងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាផង និងការដោះស្រាយជម្លោះលើពិភពលោកផង។ លោក ត្រាំ ជម្រាបប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះថា៖«ខ្ញុំរង់ចាំធ្វើការងារជាមួយសម្តេចនាពេលខាងមុខ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចគោលដៅនៃការកសាងសន្តិភាពយូរអង្វែងសម្រាប់ពិភពលោក រួមទាំងសម្រេចគោលដៅនៃភាពរុងរឿង និងភាពអស្ចារ្យសម្រាប់ទាំងអស់គ្នា»។

តំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ត្រូវខ្ទេចខ្ទាំដោយសារប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែល។ 
តំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ត្រូវខ្ទេចខ្ទាំដោយសារប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែល។ 

គួរដឹងថា បំណងដំបូងដែលលោក ត្រាំ ប្រកាសប្រាប់គេឯងក្នុងការបង្កើតក្រុមប្រឹក្សាសន្តិភាព គឺសំដៅបាញ់ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរវាងតំបន់ហ្កាហ្សា នៃរដ្ឋប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល ដែលស្ថិតក្នុងតំបន់មជ្ឈិមប៉ូព៌ាប៉ុណ្ណោះ ហើយកសាងសន្តិភាពឡើងវិញ ពិសេស គឺតំបន់ហ្កាហ្សាតែម្តង ដែលក្លាយជាផេះផង់ទៅហើយ ដោយសារត្រូវគ្រាប់រាប់មិនអស់ដូចទឹកភ្លៀងរបស់អ៊ីស្រាអែលរាប់ឆ្នាំមកនេះ។ តែទីបំផុត លោក ត្រាំ ព្យាយាមពន្លាតឥទ្ធិពលក្រុមប្រឹក្សានេះ ចេញហួសពីតំបន់ហ្កាហ្សាឆ្ងាយណាស់ ពោលគឺ ចង់ឱ្យមានវិសាលភាពយ៉ាងធំធេង រហូតដល់ដើរតួនាទីដោះស្រាយជម្លោះលើពិភពលោកតែម្តង ដូចដែលលោក ត្រាំ ជម្រាបមេដឹកនាំកម្ពុជាក្នុងលិខិត។ បើតាមសារព័ត៌មាន Reuters មកដល់ពេលនេះ មានប្រទេសជាង៣០ហើយ ក្នុងចំណោមប្រមាណជិត៦០ប្រទេស ដែលព្រមចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព។ លោក ត្រាំ អាចនឹងបន្តដាក់លិខិតអញ្ជើញមេដឹកនាំតាមបណ្តាប្រទសនានាជាច្រើនថែមទៀត៕  

ទង់ជាតិប្រទេសនានាលើពិភពលោក។ 
ទង់ជាតិប្រទេសនានាលើពិភពលោក។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត