
រដ្ឋធានីវ៉ាស៊ីនតោន៖ តើលោកចង់ឱ្យក្រុមប្រឹក្សាសន្តិភាព ដែលលោកបង្កើតឡើង ជំនួសអង្គការសហប្រជាជាតិមែនទេ? ក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ផ្តល់ចម្លើយយ៉ាងខ្លីដល់អ្នកកាសែតថា «ប្រហែលជាអាចអ៊ីចឹងមែន»។

សារព័ត៌មាន Washington Times ស្រង់ម្តីរបស់លោក ត្រាំ ដូច្នេះថា៖«អង្គការសហប្រជាជាតិ ដូចជាមិនបានជួយអ្វីច្រើនទេ។ ខ្ញុំជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់ ចំពោះអង្គការសហប្រជាជាតិ តែអង្គការនេះ ពុំសម្រេចបានលទ្ធផលតាមលទ្ធភាពរបស់ខ្លួនឡើយ»។

ប្រធានាធិបតីអាម៉េរិករូបនេះ បន្តថា អង្គការសហប្រជាជាតិ គួរតែដោះស្រាយសង្គ្រាមនីមួយៗ តែបែរជាលោកជាអ្នកទៅដោះស្រាយទៅវិញ។ ទោះយ៉ាងណា លោក បង្ហាញឆន្ទៈចង់ឱ្យអង្គការសហប្រជាជាតិ បន្តមានវត្តមាន និងដំណើរការដដែល ដោយលោកនៅមានជំនឿថា អង្គការធំជាងគេបំផុតលើពិភពលោក និងមានស្ទើរគ្រប់ប្រទេសទាំងអស់ជាសមាជិកមួយនេះ នៅតែមានភាពអស្ចារ្យ។

ថ្មីៗនេះ លោក ត្រាំ បានបង្កើតក្រុមប្រឹក្សាសន្តិភាព សំដៅលើការដោះស្រាយ និងការស្វែងរកសន្តិភាពនៅតំបន់ហ្កាហ្សាតែប៉ុណ្ណោះ។ តើលោក ត្រាំ ចង់ពន្លាតតួនាទី និងឥទ្ធិពលក្រុមប្រឹក្សានេះលើសពីតំបន់ហ្កាហ្សាឬយ៉ាងណា? មិនធ្វើតែម្នាក់ឯងឡើយ! លោក ត្រាំ បានប្រឹងទាញបណ្តាប្រទេសនានាចូលរួមជាមួយដែរ ដើម្បីពង្រីកខ្លួន និងពង្រឹងឥទ្ធិពលក្រុមប្រឹក្សាថ្មីថ្មោងមួយនេះ។

លោកប្រធានាធិបតី ដែលគិតប្រយោជន៍អាម៉េរិកជាធំ បានដាក់សំណើទៅកាន់មេដឹកនាំជាង៦០ប្រទេសហើយ ស្នើឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពរបស់លោក តែប្រទេសទាំងនោះ ត្រូវបង់១ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅតំបន់អាស៊ានទាំង១១ប្រទេស មាន៤ប្រទេសហើយ រួមមាន ថៃ វៀតណាម សិង្ហបុរី និងកម្ពុជា ដែលត្រូវលោក ត្រាំ ដាក់លិខិតអញ្ចើញចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព។ មកដល់ពេលនេះ ទើបតែមានប្រទេស៦ប៉ុណ្ណោះ ក្នុងនោះ មានទាំងវៀតណាមផង សម្រេចចិត្តចូលជាសមាជិក៕



