
រាជធានីភ្នំពេញ៖ គំរាមគេបាន វ៉ៃគេបាន តែអាម៉េរិក និងមេដឹកនាំនៃប្រទេសមហាអំណាចលំដាប់លេខមួយនេះ មិនមែនចេះតែឱ្យគេប៉ះវិញបានងាយៗនោះទេ។ ការបង្ហាញសារគំរាមផ្តាច់ជីវិតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្វើឱ្យរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ត្រូវទទួលសារគំរាមយ៉ាងធ្ងន់ធ្ងរត្រឡប់ទៅវិញ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន NewsNation របស់អាម៉េរិក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ត្រាំ បង្ហាញការជឿជាក់ថា អ៊ីរ៉ង់ នឹងមិនហ៊ានធ្វើអ្វីដាក់លោកដូចការគំរាមនោះទេ។ ប៉ុន្តែ លោកអះអាងថា លោកបានចេញបញ្ជាទុកមុនរួចហើយ ដើម្បីឆ្លើយតបទៅអ៊ីរ៉ង់ បើអ៊ីរ៉ង់ពិតជាហ៊ានធ្វើអ្វីផ្តេសផ្តាសដាក់លោកមែន។ «បើមានរឿងអ្វីកើតឡើងមែន យើងនឹងបើកការវាយប្រហារបំផ្ទុះពេញប្រទេស[អ៊ីរ៉ង់]ទាំងមូលតែម្តង។ បើមានរឿងអ្វីកើតឡើងមែន ពួកគេ នឹងត្រូវបាត់ស្រមោលចេញពីផែនដី» នេះសាររបស់លោក ត្រាំ ផ្ញើទៅកាន់អ៊ីរ៉ង់។

ថ្មីៗនេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចាក់ផ្សាយឡើងវិញ នូវរូបភាពអំពីព្រឹត្តិការណ៍ដែលលោក ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាត តែបរាជ័យ ដោយបាញ់ត្រូវស្លឹកត្រចៀកតែបន្តិចប៉ុណ្ណោះ ពេលលោកកំពុងឈរថ្លែងសារទៅកាន់អ្នកគាំទ្រ ក្នុងរដ្ឋ ផេនស៊លវ៉ានៀ (Pennsylvania) នាអំឡុងឃោសនារកសំឡេងបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២៤។ មិនមែនគ្រាន់តែចាក់ផ្សាយរូបភាពនោះទេ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ថែមទាំងភ្ជាប់សំណេរខ្លីគំរាមទៅលោក ត្រាំ ថា៖«គ្រាប់កាំភ្លើងលើកនេះ នឹងមិនបាញ់ខុសនោះទេ»។

អាម៉េរិក និងអ៊ីរ៉ង ចាប់ផ្តើមគ្រហឹមដាក់គ្នា បន្ទាប់ពីប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសចេញធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្លួន។ លោក ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ បើអាជ្ញាធរអ៊ីរ៉ង់ហ៊ានសម្លាប់បាតុករ ឯអ៊ីរ៉ង់ គំរាមវាយប្រហារត្រឡង់ទៅវិញ។ ទោះយ៉ាងណា ជាក់ស្តែងពិតប្រាកដ គេបានត្រឹមឮសារគំរាមដាក់គ្នាប៉ុណ្ណោះ ដោយមិនទាន់ឮសំឡេងផ្ទុះអាវុធដាក់គ្នានោះទេ ខណៈនៅអ៊ីរ៉ង់ មានមនុស្សខ្ទង់៤-៥ពាន់នាក់ហើយ ក្នុងនោះ ក៏មានទាំងកម្លាំងសមត្ថកិច្ចខ្លួនឯងប្រមាណ៤-៥រយនាក់ផងដែរ បានបាត់បង់ជីវិតក្នុងមហាបាតុកម្មនេះ។ មហាបាតុកកម្មនៅអ៊ីរ៉ង់ ដែលចាប់ផ្តើមពីចុងឆ្នាំ២០២៥មក នៅមិនទាន់ចប់នោះទេ គ្រាន់តែចំនួនអ្នកចូលរួមថមថយតិចជាងមុន បន្ទាប់ពីឃើញសាកសពកាន់តែច្រើនឡើងៗ៕





