តូចតែតាន់! សិង្ហបុរីជះលុយខ្ជាកៗ ទិញសព្វាវុធពីអាម៉េរិកផ្ញុកចូលឃ្លាំង ចំពេលភូមិសាស្ត្រនយោបាយពិភពលោកក្រឡាប់ចក្រ
ហៀប ស៊ីថេត
21 មករា 2026 03:33 AM

សិង្ហបុរី៖ មន្ទីរបញ្ចកោណអះអាងកាលពីថ្ងៃអង្គារទី២០ ខែមករាថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអនុម័តការលក់យន្តហោះល្បាត និងឈ្លបយកការណ៍ដែនសមុទ្ទដ៏មានសក្តានុពល និងគ្រាប់បែក torpedo ទម្ងន់ស្រាល និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតទៅកាន់ប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ២,៣ពាន់លានដុល្លារអាម៉េរិក ចំពេលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើរ...។

យោងតាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ កញ្ចប់អាវុធដ៏ធំនេះមានដូចជា៖ យន្តហោះ P-8A Poseidon ចំនួន៤គ្រឿង ជាយន្តហោះចម្បាំងដែនសមុទ្ទដ៏ទំនើបបំផុតរបស់ក្រុមហ៊ុន Boeing មានសមត្ថភាពខ្ពស់ក្នុងការរុករក និងវាយប្រហារកម្ទេចនាវាមុជទឹក, គ្រាប់បែក Torpedo ប្រភេទ MK 54 ជាគ្រាប់បែកទម្ងន់ស្រាលសម្រាប់បាញ់កម្ទេចនាវាមុជទឹកចេញពីលើអាកាស រួមទាំងបរិក្ខារពាក់ព័ន្ធដូចជា ប្រព័ន្ធរ៉ាដា និងបច្ចេកវិទ្យាទំនាក់ទំនងសម្ងាត់។ នៅក្នុងរបត់ភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ការបញ្ជាទិញអាវុធរបស់សិង្ហបុរីនៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ផុយស្រួយមួយនេះ។ ជាក់ស្តែង បច្ចុប្បន្ន ចិនបានពង្រីកវត្តមាននាវាមុជទឹកយ៉ាងខ្លាំងក្លានៅសមុទ្ទចិនខាងត្បូង ដូច្នេះ ការដែលសិង្ហបុរីជះលុយទិញយន្តហោះល្បាត P-8A ឬអ្នកប្រមាញ់នាវាមុជទឹក នេះ គឺដើម្បីពង្រឹងសមត្ថភាពនៅក្នុងសមុទ្ទ និងការឃ្លាំមើលផ្លូវទឹកសំខាន់ៗដូចជា ច្រកសមុទ្ទម៉ាឡាកា ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ ហើយការដែលអាម៉េរិកព្រមលក់សព្វាវុធឱ្យសិង្ហបុរីនេះ ក៏ជាឈ្នាន់យុទ្ធសាស្ត្រ ដើម្បីខ្ចីដៃកូននាគអាស៊ានទប់ឥទ្ធិពលចិនផងដែរ។

គួរបញ្ជាក់ថា សិង្ហបុរីកំពុងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនឱ្យក្លាយជា «កងទ័ពឆ្លាតវៃ» ដ្បិតប្រទេសនេះផ្តោតខ្លាំងលើកងទ័ពអាកាស និងកងទ័ពជើងទឹក ដើម្បីធ្វើជាកំពែងការពារខ្លួនដ៏រឹងមាំ។ មែនទែនទៅ សិង្ហបុរីជះលុយច្រើនសន្ធឹក ទិញសព្វាវុធពីអាម៉េរិកផ្ញុកចូលឃ្លាំងរបស់ខ្លួន មិនត្រឹមតែដើម្បីការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាជាសារបញ្ជាក់ថា ទោះសិង្ហបុរីតូចមែនពិត ប៉ុន្តែតូចតាន់។ តាន់ក៏ព្រោះតែប្រទេសជាប់របងផ្ទះ ឬបច្ចាមិត្តមកពីខាងក្រៅ មិនងាយនឹងឈ្លានពានឡើយ។ ការពង្រីកឃ្លាំងសព្វាវុធរបស់កូននាគកន្ទុយត្រីអាស៊ីអាគ្នេយ៍មួយនេះ កើតឡើងក្រោយថៃបើកការឈ្លានពានកម្ពុជា យ៉ាងកំរោល សាហាវព្រៃផ្សៃ និងឃោរឃៅយង់ឃ្នងជាទីបំផុត ខណៈវិស័យការទូតអាស៊ានកំពុងរង្គោះរង្គើរ កំលុងពេលដែលភូមិសាស្ត្រនយោបាយពិភពលោកក្រឡាប់ចក្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត