មេដឹកនាំសិង្ហបុរី អរគុណអាម៉េរិកចំពោះការធានាឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ
ហៀប ស៊ីថេត
03 មករា 2026 04:00 AM

សិង្ហបុរី៖ មេដឹកនាំសិង្ហបុរី និងមេដឹកនាំសហរដ្ឋអាម៉េរិក បានទាញទូរសព្ទមកនិយាយគ្នានៅដើមឆ្នាំថ្មី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ជាថ្មីអំពីភាពជាដៃគូដ៏ស្អិតល្មួតរយៈពេល៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ទន្ទឹមនេះ មេដឹកនាំសិង្ហបុរី ក៏បានថ្លែងអំណរអគុណទៅកាន់ប្រធានាធិបតីអាម៉េរិក ចំពោះការជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះផងដែរ...។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡូរ៉េន វ៉ុង (Lawrence Wong) បានសរសេរថា ៖«ខ្ញុំបានចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ខណៈយើងកំពុងសម្លឹងឆ្ពោះទៅមុខរយៈពេល៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងសហរដ្ឋអាម៉េរិកនៅឆ្នាំ២០២៦។ ខ្ញុំបានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ត្រាំ ចំពោះការដឹកនាំរបស់លោក ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពទូទាំងពិភពលោក រួមទាំងក្នុងការជួយធានាបទឈប់បាញ់នាពេលថ្មីៗនេះរវាងប្រទេសថៃ និងកម្ពុជា»។ 

លោក ឡូរ៉េន វ៉ុង(ឆ្វេង) និងលោក ដូណាល់ ត្រាំ
លោក ឡូរ៉េន វ៉ុង(ឆ្វេង) និងលោក ដូណាល់ ត្រាំ

នាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះបានបន្ថែមថា ៖«សហរដ្ឋ​អាម៉េរិក​ បាន​អញ្ជើញ​សិង្ហបុរី​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ឆ្នាំ​នេះ។ យើង​នឹង​ដើរ​តួនាទី​ស្ថាបនា និង​រួម​ចំណែក​ក្នុង​របៀបវារៈ​រួម​របស់​យើង​សម្រាប់​កំណើន និង​ស្ថិរភាព។ ខ្ញុំទន្ទឹងរង់ចាំទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនៅចុងឆ្នាំនេះ ដើម្បីកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត និងថាមពលនុយក្លេអ៊ែរស៊ីវិល»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត