សិង្ហបុរី អំពាវនាវឱ្យកម្ពុជា-ថៃ អត់ធ្មត់ និងដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា
ម៉េងហុង
10 ធ្នូ 2025 06:00 AM

សិង្ហបុរី៖ សិង្ហបុរី បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ អត់ធ្មត់ និងឱ្យភាគីទាំងពីរដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា ចំពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកាន់តែកើនឡើង។

ជនភៀសសឹកចេញពីតំបន់គ្រោះថ្នាក់នៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ
ជនភៀសសឹកចេញពីតំបន់គ្រោះថ្នាក់នៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃពុធទី១០ធ្នូថា៖«សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តប៉ះទង្គិចគ្នាឡើងវិញនាពេលថ្មីៗនេះតាមបណ្តោយព្រំដែនថៃ-កម្ពុជា និងរបាយការណ៍អំពីអ្នកស្លាប់ និងរបួសរវាងភាគីទាំងសងខាង។ យើងសូមអំពាវនាវដល់ប្រទេសទាំងពីរឱ្យអត់ធ្មត់ និងដោះស្រាយភាពខុសគ្នារបស់ពួកគេតាមរយៈការសន្ទនា និងការចរចា ដោយអនុវត្តតាមស្មារតី និងគោលការណ៍នៃសេចក្តីប្រកាសរួម[ស្តីពីសន្តិភាព]។» ក្រសួងការបរទេសសិង្ហបុរី បន្ថែមថា ការដោះស្រាយតាមរយៈកិច្ចសន្ទនា នឹងមានសារសំខាន់សម្រាប់ទំនាក់ទំនងរយៈពេលវែងរវាងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ និងអាស៊ាន។

ទន្ទឹមនឹងនោះ ក្រសួងការបរទេសសិង្ហបុរី បានណែនាំដល់ប្រជាជនសិង្ហបុរីឱ្យពន្យារពេលការធ្វើដំណើរទាំងអស់ទៅកាន់តំបន់ជម្លោះនៅតំបន់ព្រំដែនថៃ-កម្ពុជា។ ក្រសួងការបរទេសបានរៀបរាប់ថា៖«ប្រជាជនសិង្ហបុរីនៅកម្ពុជា និងថៃត្រូវបានណែនាំឱ្យតាមដានព័ត៌មានពីប្រភពផ្លូវការយ៉ាងដិតដល់ ស្ដាប់ដំបូន្មានរបស់អាជ្ញាធរមូលដ្ឋាន និងប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។»

ជនភៀសសឹកចេញពីតំបន់គ្រោះថ្នាក់នៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ
ជនភៀសសឹកចេញពីតំបន់គ្រោះថ្នាក់នៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ

ប្រជាជនសិង្ហបុរីនៅក្នុង ឬធ្វើដំណើរទៅកាន់ប្រទេសថៃ ឬកម្ពុជាក៏ត្រូវបានណែនាំឱ្យចុះឈ្មោះតាមអេឡិចត្រូនិកជាមួយក្រសួងការបរទេសនៅលើគេហទំព័ររបស់ខ្លួនផងដែរ។ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ថៃ​រួច​ហើយ ហើយ​ត្រូវ​ការ​ជំនួយ​កុងស៊ុល អាច​ទាក់ទង​ស្ថានទូត​សិង្ហបុរី​រៀងៗ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ឬ​រាជធានី​បាងកក ឬ​ការិយាល័យ​បំពេញ​កាតព្វកិច្ច​ក្រសួងការបរទេស​ដែល​បើក២៤ម៉ោង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត