មិនទាន់យកបាន តែអាម៉េរិកសន្មតកោះហ្គ្រីនឡែន «ជារបស់ខ្លួនហើយ គិតចាប់ពីឆ្នាំ២០២៦នេះទៅ»
Mao Sopha
20 មករា 2026 11:30 AM

រាជធានីភ្នំពេញ៖ អស់ពីប្រកាសតាមពាក្យសម្តីថា ចង់យកកោះហ្គ្រីនឡែន (Greenland) ដែលធំជាងគេបំផុតលើពិភពលោក មកគ្រប់គ្រង ឬដាក់បញ្ចូលជាដែនដីរបស់អាម៉េរិក ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញឆន្ទៈតាមរយៈរូបភាពវិញម្តង។ លើបណ្តាញសង្គម Truth Social នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោក ត្រាំ បង្ហោះរូបភាព២សន្លឹក បង្កើតឡើងដោយអេអាយ (AI) ដោយគ្មានភ្ជាប់សំណេរអ្វីទាំងអស់ តែបញ្ជាក់អត្ថន័យយ៉ាងច្បាស់ថា កោះហ្គ្រីនឡែន ដែលជាដែនដីរបស់ប្រទេសដាណឺម៉ាក បានក្លាយជាដែនដីរបស់អាម៉េរិកហើយ។    

រូបភាព១សន្លឹក បង្ហាញពីលោក ត្រាំ កាន់ទង់ជាតិអាម៉េរិក ឈរលើកោះហ្គ្រីឡែន ហើយនៅពីមុខលោក មានដោតផ្លាកសញ្ញាឈើ ដែលសរសេរអក្សរថា «កោះហ្គ្រីនឡែន ជាដែនដីរបស់អាម៉េរិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦នេះ» (Greenland-US Territory, EST. 2026)។ ក្នុងរូបនេះ ក៏មានលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្រ្តីការបរទេស និងលោក ជេម ដាវីត វ៉ានស៍ (James David Vance) អនុប្រធានាធិបតី ឈរពីក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។    

រូបភាព១សន្លឹកទៀត បង្ហាញពីលោក ត្រាំ អង្គុយពិភាក្សាទល់មុខជាមួយមេដឹកនាំពីបណ្តាប្រទេសនានា ពិសេសពីសហភាពអឺរ៉ុប។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្នុងជំនួបនេះ មានដាក់តាំងរូបកោះហ្គ្រីឡែន១ផ្ទាំង ដែលគ្រប់ដណ្តប់ពីលើ ដោយទង់ជាតិអាម៉េរិក។ គួរដឹងថា ប្រទេសជាច្រើននៅសហភាពអឺរ៉ុប ឈរនៅខាងដាណឺម៉ាក ជាម្ចាស់កោះហ្គ្រីនឡែន មិនមែនគាំទ្រអាម៉េរិកនោះទេ។   

ក្រោយលោក ត្រាំ បង្ហាញបំណងចង់វាយយកកោះហ្គ្រីនឡែនដាក់បញ្ចូលជាដែនដីអាម៉េរិក បណ្តាប្រទេសមួយចំនួន រួមមាន ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវែស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស ជាដើម ដែលសុទ្ធតែជាសមាជិកអង្គការណាតូជាមួយអាម៉េរិកនោះ បានបញ្ជូនកងទ័ពខ្លួនទៅកាន់កោះហ្គ្រីនឡែន តែជាចំនួនកងទ័ពតិចតួចប៉ុណ្ណោះ ដើម្បីគ្រាន់តែបង្ហាញការគាំទ្រកោះទឹកកកមួយនេះ មិនមែនជាចំនួនកងទ័ពរាប់ពាន់រាប់ម៉ឺននោះទេ។ 

លោក អេម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដែលបានទៅធ្វើទស្សនកិច្ចផ្ទាល់នៅកោះហ្គ្រីនឡែន កាលពីថ្ងៃ១៥មករាថ្មីៗនេះ បានថ្លែងថា ប្រជាជនគ្រប់រូបនៅបារាំង និងនៅសហភាពអឺរ៉ុបទាំងមូល ប្រកាន់គំនិតថា កោះហ្គ្រោះឡែន មិនមែនសម្រាប់លក់សម្រាប់ឱ្យគេឆក់ដណ្តើមយកនោះទេ (រំពេចនោះ ប្រជាជនកោះហ្គ្រីនក៏ស្រែកហ៊ោ និងទះដៃគាំទ្រសម្តីនេះ)។ បន្ទាប់មក ប្រធានាធិបតីបារាំង បានផ្តល់ភាពកក់ក្តៅដល់ប្រជាជនហ្គ្រីនឡែនតាមរយៈពាក្យមួយឃ្លាទៀតថា៖«អ្នក មិនឯកោឡើយ»៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត