
សុខភាព៖ ខែធ្លាក់ខ្យល់ត្រជាក់ អាចបង្កជាគុណវិបត្តិមួយចំនួនដល់រាងកាយផ្នែកខាងក្រៅ ដូចជា ស្បែកស្ងួត ស្បែកប្រែបែកស្រកា តែអាកាសធាតុចុះត្រជាក់នេះ ក៏បានផ្តល់គុណសម្បត្តិ៥យ៉ាងដល់ផ្នែកខាងក្នុងនៃរាងកាយដែរ។ តើគុណប្រយោជន៍ទាំងនោះ មានអ្វីខ្លះ សូមតាមដានការលើកឡើងខាងក្រោមនេះ…។

១.ជួយឱ្យគេងលក់ស្កប់ស្កល់មិនងាយឈឺ៖ សីតុណ្ហភាពក្នុងរាងកាយជាធម្មតា នឹងចុះត្រជាក់ នៅពេលយប់ ព្យាយាមគេងឱ្យបានលក់។ ដំណើរការនេះ ត្រូវការប្រើពេលច្រើននៅខែក្ដៅ តែពេលខែធ្លាក់ខ្យល់រងា ដំណើរការនេះរហ័សជាងមុន ដោយគួបផ្សំពីអាកាសធាតុត្រជាក់ពីខាងក្រៅជួយឱ្យឆាប់គេងលក់។ លើសពីនេះ សីតុណ្ហភាពត្រជាក់ជួយឱ្យរាងកាយដុតរំលាយកាល់ឡូរីបានល្អ និងជួយជំរុញឱ្យប្រព័ន្ធភាពស៊ាំសកម្ម ប្រឆាំងនឹងជំងឺស្រាលៗ មិនងាយឈឺ។ ២.ខ្យល់ត្រជាក់ជួយបន្ថយអាការហើមរលាក៖ ដុំទឹកកកអាចជួយបន្ថយអាការហើម និងភាពឈឺចាប់លើមុខរបួសបាន។ ដូចគ្នានេះដែរ ខ្យល់នៃអាកាសធាតុត្រជាក់ ប្រៀបដូចទៅនឹងទឹកកកធម្មជាតិ ដែលជួយឱ្យដំណើរហើម បានធូរស្បើយ ពិសេសត្រង់សន្លាក់ដៃជើង។

៣.សីតុណ្ហភាពត្រជាក់ជួយជំរុញខួរក្បាលធ្វើការបានសកម្ម៖ សីតុណ្ហភាពត្រជាក់ជួយឱ្យខួរក្បាលគិតបានលឿន និងច្បាស់លាស់។ តាមការពិសោធស្រាវជ្រាវ បានបង្ហាញថា មនុស្សធ្វើកិច្ចការបានលទ្ធផលល្អប្រសើរ នៅពេលស្ថិតក្នុងបរិយាកាស ឬបន្ទប់ដែលមានសីតណ្ហភាពត្រជាក់ល្មម បើប្រៀបធៀបនឹងពេលធ្វើការនៅក្នុងបរិយាកាសហប់ ក្ដៅស្អុះស្អាប់។ ការសិក្សាផ្សេងទៀតបង្ហាញថា សីតុណ្ហភាពក្ដៅ ខួរក្បាលត្រូវការស្ករគ្លុយកូសពីរាងកាយច្រើន សម្រាប់បំពេញកិច្ចការ ផ្ទុយទៅវិញ ការងារប្រើខួរក្បាល នៅបរិយាកាសដែលមានសីតុណ្ហភាពត្រជាក់ តម្រូវការគ្លុយកូសតិចតួចពីរាងកាយ មិនរំខានដល់ខួរក្បាលច្រើន ហើយការបំពេញការងារមានភាពស្រស់ស្រាយជាងមុន។

៤.អាកាសធាតុត្រជាក់ជួយដុតបំផ្លាញកាល់ឡូរី៖ ពេលត្រជាក់ធ្លាក់ខ្យល់រងារាងកាយធ្វើការច្រើនមុន ដើម្បីរក្សាសីតណ្ហភាពក្នុងខ្លួន ហេតុនេះវាត្រូវការថាមពលខ្លះដើម្បីរក្សាកម្តៅក្នុងខ្លួន ដែលថាមពលនោះ គឺបានមួយចំណែកពីអាហារដែលបានទទួលទាន។ ៥.បង្កើនសារធាតុខ្លាញ់ល្អក្នុងរាងកាយ (គ្រាប់ខ្លាញ់ពណ៌ត្នោត)៖ សារធាតុខ្លាញ់ពណ៌ត្នោត ជាប្រភេទខ្លាញ់ល្អក្នុងរាងកាយ ដែលជួយទាំងរក្សាកម្តៅក្នុងរាងកាយ និងជួយជំរុញការរំលាយអាហារក្នុងខ្លួន។ ក្នុងការសិក្សា នៅពេលរាងកាយ ត្រូវនឹងបរិយាកាសត្រជាក់ មានការកើនឡើងសារធាតុ Mitochondria (សារធាតុខ្លាញ់ពណ៌ត្នោតល្អ) ច្រើនជួយឱ្យរាងកាយដុតរំលាយអាហារបានសព្វល្អ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



