សុខភាព៖ អាហារដែលបរិភោគប្រចាំថ្ងៃ ពិតជាមានសារសំខាន់ណាស់ចំពោះរាងកាយ មិនត្រឹមតែជួយឱ្យឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើនការលូតលាត់នៃរាងកាយ បង្កើនថាមពល និងសុខភាពល្អថែមទៀតផង។ តួយ៉ាង សារធាតុចិញ្ចឹមទាំង៣ប្រភេទ ដែលបានរៀបរាប់ខាងក្រោមនេះ មានមុខងារពិសេស ជួយចិញ្ចឹមកោសិកាគ្រាប់ឈាមបានល្អ និងធ្វើឱ្យចរន្ដឈាមក្នុងរាងកាយទាំងមូលដំណើរការបានល្អ…។

១.ជាតិដែក៖ ជាតិដែក មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតកោសិកាគ្រាប់ឈាម។ ៧០ភាគរយនៃជាតិដែកក្នុងរាងកាយ ត្រូវបានរកឃើញក្នុងកោសិកាគ្រាប់ឈាមក្រហម ឬគេស្គាល់ថា ជា hemoglobin និងនៅក្នុងកោសិកាសាច់ដុំ ដែលគេស្គាល់ថា ជា myoglobin។ hemoglobin មានតួនាទីបញ្ជូនអុកស៊ីសែនក្នុងចរន្ដឈាមពីសួត ដើម្បីទៅចិញ្ចឹមជាលិកាទាំងឡាយក្នុងរាងកាយ។ ដូច្នេះ ជាតិដែកមានមុខងារសំខាន់ក្នុងដំណើរការមួយនេះ ហើយដើម្បីឱ្យរាងកាយមានជាតិដែក ត្រូវទទួលទានអាហារដូចជា៖ បន្លែ-ផ្លែឈើ សាច់ជ្រូក សាច់ត្រី គ្រឿងសមុទ្ទ ពពួកខ្យង ក្ដាម អយស្ទ័រ និងថ្លើមសត្វ។

២.វីតាមីន E៖ វីតាមីន E ជាវីតាមីនសំខាន់ដែលជំនួយដល់ចរន្ដឈាម ឱ្យដើរស្រួលសព្វសរីរាង្គរាប់ចាប់ពី ចុងជើងដល់ក្បាល។ លើសពីនេះ វីតាមីន E ក៏មានចំណែកជួយព្យាបាលអ្នកមានអាការត្រជាក់ដៃ-ជើង ដោយសារចរន្ដឈាមមិនដំណើរការល្អ។ ការសិក្សាបានបង្ហាញថា វីតាមីន E ក៏ជួយឱ្យចរន្ដឈាមដំណើរការល្អក្នុងប្រព័ន្ធបន្ដពូជទាំងបុរស និងស្ត្រីដែរ។ ចំពោះវីតាមីន E មាននៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែប័រ ស្ពៃពួយឡេង ប្រេងអូលីវ ត្រីល្អិត ផ្លែល្ពៅ ផ្លែគីវី និងផ្កាខាត់ណាខៀវ។

៣.វីតាមីន B៖ វីតាមីន B មាននៅក្នុងរបបអាហារប្រចាំថ្ងៃដូចជា បន្លែស្លឹកបៃតង ថ្លើមសត្វ គ្រាប់ធញ្ញជាតិ ផ្លែឈើមានពណ៌លឿង និងសាច់គ្មានខ្លាញ់។ វីតាមីន B មានចំណែកយ៉ាងសំខាន់ដល់ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ការផលិត DNA និងជំនួយដល់ប្រព័ន្ធប្រសាទទាំងមូល៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

