សុខភាព៖ ត្រអក ជាជំងឺសើស្បែកមួយប្រភេទដែលធ្វើឱ្យស្បែករលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអក អាចមកពីមានបញ្ហា៤យ៉ាង និងនៅពេលដែលកើតហើយគួរតបអាហារមួយចំនួន ព្រោះអាហារទាំងនោះ ធ្វើឱ្យជំងឺត្រអកកាន់តែធ្ងន់ធ្ងរជាងមុន...។

មូលហេតុដែលនាំឱ្យកើតត្រអក មានដូចជា៖ ១.កត្តាហ្សែន៖ អាចងាយនឹងកើតត្រអកបើមានប្រវត្តិគ្រួសារកើតជំងឺត្រអក ហឺត ប្រតិកម្មនឹងចំណីអាហារ ជាតិអាល់កុល ឬសារធាតុបង្កប្រតិកម្មដូចជា លម្អងផ្កា ធូលីដី រោមសត្វជាដើម។ ២.កត្តាបរិស្ថាន៖ ផ្សែងបារី ខ្យល់កខ្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស)។ លើសពីនេះ សាប៊ូដែលមានជាតិកាត់ខ្លាំង ផលិតផលថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកស្ងួត រមាស់ និងរលាក។ ៣.ប្រព័ន្ធភាពសុំាសកម្មខ្លាំង៖ បើកើតត្រអក ប្រព័ន្ធភាពសុំាមានប្រតិកម្មខ្លាំងជាមួយសារធាតុបង្កប្រតិកម្ម។ នៅពេលប្រព័ន្ធភាពសុំាសកម្មខ្លាំង ឬធ្វើការខ្លាំងនឹងបង្កឱ្យស្បែក ក៏ដូចជារាងកាយមានការរលាក។

៤.ស្ត្រេស ឬភាពតានតឹង៖ ស្ត្រេស ដែលបង្កឡើងដោយភាពនឿយហត់ ក្ដីបារម្ភ ការថប់បារម្ភ មួរម៉ៅ គេងមិនគ្រប់គ្រាន់ ឬសម្ពាធការងារ ក៏អាចបង្កឱ្យកើតត្រអកដែរ។ រីឯអាហារដែលអ្នកកើតត្រអកគួរចៀសវាង រួមមាន៖ ផលិតផលទឹកដោះ ស៊ុត សណ្តែកដី និងគ្រាប់ផ្លែឈើ សណ្តែកសៀង ស្រូវសាលី (ព្រោះមានសារធាតុ Gluten) ផ្លែឈើអម្បូរក្រូច ផ្លែប៉េងប៉ោះ ផ្លែស្ត្រប់បឺរី សូកូឡា គ្រឿងសមុទ្ទ និងគ្រឿងស្រវឹង។ គួរដឹងថា ត្រអកមិនឆ្លងទេតែក៏ព្យាបាលមិនជាដែរ ត្រូវចៀសវាងអាហារដូចរៀបរាប់ខាងលើ និងមូលហេតុបង្កឱ្យកើតត្រអក ទើបអាចគ្រប់គ្រងជំងឺត្រអកមិនឱ្យរើឡើងវិញ ឬវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

