បើមានអាការទាំងនេះ អាចជាសញ្ញាមាន «ដុំសាច់ខួរក្បាល»
S
Sreyleak Yith
14 មករា 2026 01:00 AM

អត្ថបទទទួលបានសិទ្ធិពី៖ Hello គ្រូពេទ្យ

សុខភាព៖ ដុំសាច់ខួរក្បាល អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា ដោយ​មាន​ច្រើន​ទម្រង់ និង​ទំហំ ​ហើយរោគ​សញ្ញា​ដុំ​សាច់​ខួរ​ក្បាល​ដែល​​គេ​អាច​ដឹង​បាន​គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​វា​កើត​នៅ​​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល​។ ឧទាហរណ៍​ថា ដុំ​សាច់​មាន​ទី​តាំង​នៅ​កន្លែង​ខួរក្បាល​គ្រប់​គ្រង​ចលនា​ដៃ ឬ​គំហើញ នោះ​រោគ​សញ្ញា​អាច​មាន​ដូចជា​​ខ្សោយ​នៅ​ត្រង់​ដៃ ឬ​ខ្សោយ​គំហើញ​ជា​ដើម​។ លើសពីនេះក៏​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួនទៀតពេល​មាន​ដុំ​សាច់​ខួរ​ក្បាល​។

រោគសញ្ញាដែលអាចបញ្ជាក់ថាមាន ដុំសាច់ខួរក្បាល រួមមាន៖

១. បញ្ហា​ភ្នែក៖ ដុំ​សាច់​ខួរ​ក្បាល​ ក៏អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ភ្នែក​ ដោយ​ធ្វើ​ឱ្យ​គំហើញ​ធ្លាក់​ចុះ ហើយ​​ការ​ប្រើ​វ៉ែន​តា​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ​។ ពេល​ខ្លះ​គំហើញ​អាច​វិល​មក​រក​សភាព​ធម្មតា និង​ពេល​ខ្លះ​ក៏​ពិបាក​មើល​វិញដែរ​​។ មួយ​វិញ​ទៀត ក៏​អាចបង្ក​ឱ្យ​បាត់​បង់​សមត្ថភាព​មើល​ឃើញ​របស់​នៅ​ខាង​ចុង​នៃ​ភ្នែក ​​ ដែល​អាច​ធ្វើ​ឱ្យ​ដើរ​បុក​របស់​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ដៃ​។ បញ្ហា​នេះ អាច​លេច​ចេញ​មក​ដូច​ជា​៖ ស្រវាំង​ភ្នែក មាន​ស្នាម​នៅ​អណ្ដែត​ក្នុង​ភ្នែក ពិបាក​មើល​របស់​នៅ​ឆ្ងាយ។

២. ឈឺក្បាល៖ បើមានអាការឈឺក្បាលដូចជា ឈឺក្បាល​ជាមួយ​នឹង​អារម្មណ៍​មិន​ស្រួល​ខ្លួន ឈឺ​ក្បាល​បែប​មិន​ធ្លាប់​មាន​ពីមុន​មក, ឈឺ​ក្បាល​ធ្វើឱ្យ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់, ឈឺក្បាល​ធ្វើ​ឱ្យ​​ភ្នែក​ចាប់​ផ្ដើម​ព្រិល, ឈឺក្បាល​កាន់​តែ​អាក្រក់​ទៅ​ក្នុង​រយៈពេល​រាប់​អាទិត្យ ឬ​ខែ គួរ​ទៅ​ជួប​ពេទ្យ​​​ដើម្បីឱ្យដឹងច្បាស់ ព្រោះអាការឈឺ​ក្បាល​ក៏អាច​ជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្សេងៗ ហើយ​អាការ​នេះ​តែ​មួយ​មុខ ​មិន​អាចសន្និដ្ឋានបានថា មានដុំសាច់ខួរក្បាលឬក៏អត់ឡើយ។

ក្រៅពី​រោគ​សញ្ញា​ទាំង​ពីរ​នេះ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រកាច់ ស្ពឹក​លើ​​ផ្នែក​ណាមួយ​នៃ​រាង​កាយ ការ​ចងចាំ​ប្រែ​ប្រួល ឬ​ភ្លេចភ្លាំង ពិបាក​គិត​ ពិបាក​រក្សា​លំនឹង​ និង​ចង្អោរ ជា​ដើម។ ការ​ព្យាបាល​បញ្ហា​ដុំ​សាច់​ខួរក្បាល គឺ​អាស្រ័យ​លើ​ប្រភេទ​ដុំ​សាច់ ទី​តាំង​ដុំ​សាច់ និង​ស្ថាន​ភាព​សុខ​ភាព​អ្នក​ជំងឺ​ជាក់​ស្ដែង។ ដូច្នេះ បើ​​មាន​រោគ​សញ្ញា​សង្ស័យ​ណា​មួយ គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត