ឥណ្ឌា និងអារ៉ាប់រួម បើកគម្របស្លាបប៉ាកកាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិរាវតម្លៃ៣ពាន់លានដុល្លារ
ហៀប ស៊ីថេត
20 មករា 2026 06:30 AM

រដ្ឋធានីញូវដេលី-ឌូបៃ៖ ក្នុងរបត់ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ កាលពីថ្ងៃចន្ទទី១៩មករា ដើម្បីទិញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសអារ៉ាប់រួម ខណៈកិច្ចព្រមព្រៀងនេះ ធ្វើឱ្យរដ្ឋធានីញូវដេលី ក្លាយជាអតិថិជនលំដាប់កំពូលរបស់អារ៉ាប់រួម។ ជាមួយគ្នា មេដឹកនាំប្រទេសទាំង២ ក៏បានពិភាក្សាគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិផងដែរ...។

លោក ស៊ិកហ៍ មូហាម៉េដ ប៊ីនហ្សេយ៉េដ អាល់ណាហ៍យ៉ាន(ឆ្វេង) និងលោក ណារិន្ត្រា ម៉ូឌី
លោក ស៊ិកហ៍ មូហាម៉េដ ប៊ីនហ្សេយ៉េដ អាល់ណាហ៍យ៉ាន(ឆ្វេង) និងលោក ណារិន្ត្រា ម៉ូឌី

មែនទែនទៅ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល២ម៉ោងដ៏ខ្លី ទៅកាន់ប្រទេសឥណ្ឌា ដោយប្រធានាធិបតីអារ៉ាប់រួម លោក ស៊ិកហ៍ មូហាម៉េដ ប៊ីនហ្សេយ៉េដ អាល់ណាហ៍យ៉ាន (Sheikh Mohammed bin Zayed Al Nahyan) ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា ម៉ូឌី (Narendra Modi)។ មេដឹកនាំទាំង២ បានសន្យាថា នឹងពង្រីកពាណិជ្ជកម្មទ្វេភាគីដល់ទៅ២០០ពាន់លានដុល្លារក្នុងរយៈពេល៦ឆ្នាំ និងបង្កើតភាពជាដៃគូការពារជាតិជាយុទ្ធសាស្ត្ររួមគ្នា។

ក្រុមហ៊ុនរដ្ឋ Abu Dhabi ADNOC Gas អះអាងថា នឹងផ្គត់ផ្គង់កន្លះលានតោននៃ LNG ក្នុងពេលមួយឆ្នាំដល់ក្រុមហ៊ុន Hindustan Petroleum Corp របស់ប្រទេសឥណ្ឌា សម្រាប់រយៈពេល១០ឆ្នាំ។ ជាងនេះទៅទៀត ភាគីទាំង២ ក៏បានចុះហត្ថលេខាលើលិខិតនៃចេតនាធ្វើការឆ្ពោះទៅរកការបង្កើតភាពជាដៃគូការពារជាតិជាយុទ្ធសាស្ត្រផងដែរ។ ក្រុមហ៊ុន ADNOC Gas បានអះអាងថា កិច្ចព្រមព្រៀងនឹងនាំមកនូវតម្លៃសរុបជាង២០ពាន់លានដុល្លារ។ ក្រុមហ៊ុននេះបន្ថែមថា៖«ឥឡូវនេះ ឥណ្ឌាគឺជាអតិថិជនដ៏ធំបំផុតរបស់ UAE និងជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រឧស្ម័ន LNG របស់ក្រុមហ៊ុន ADNOC»។ គួរបញ្ជាក់ថា UAE គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់ឥណ្ឌា បន្ទាប់ពីសហរដ្ឋអាម៉េរិក និងចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត