រាជធានីបាងកក៖ បន្ទាប់ពីឥណ្ឌារិះគន់ថៃ និងបង្ហាញក្ដីព្រួយបារម្ភ ជុំវិញការវាយកម្ទេចរូបសំណាកអាទិទេពតំណាងព្រះវិស្ណុ (ក្នុងហិណ្ឌូសាសនា) ស្រាប់តែលោកនាយករដ្ឋមន្រ្តីចាំផ្ទះថៃ អានុទីន ឆានវីរគុល ក្រហល់ក្រហាយនៅមិនស្ងៀម ខឹងសម្បារ ឡាំប៉ា ថារូបសំណាកនោះ គឺមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតរបស់ទាហានថៃបានទេ។ សម្តីព្រហើនដូចមានតែឯងរបស់ អនុទីន ធ្វើឡើងនីឯវិមានរាជរដ្ឋាភិបាលថៃ នាថ្ងៃទី២៥ធ្នូនេះ បន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងថៃ និងកម្ពុជា នៅខេត្តចន្ទបុរី...។

ទាក់ទិននឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ដែលរិះគន់ថៃ ជុំវិញកាប្រើគ្រឿងចក្រកម្ទេចរូបសំណាកអាទិទេពហិណ្ឌូ[ព្រះវិស្ណុ] នៅច្រកអានសេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីថៃ ប្រតិកម្មតបវិញភ្លាមៗថា៖«បើប្រៀបធៀបនឹងជីវិតទាហានថៃ គួរតែមើលរូបសំណាកតាមទស្សនៈនោះដែរ»។ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះ និយាយទាំងងងើលថា៖«ការដែលប្រៀបធៀបរូបសំណាកខូច ទៅនឹងជើងទាំងអស់របស់ទាហានដែលបានបាត់បង់ ហើយប្រៀបធៀបវាទៅនឹងការប្រមាថនោះ ខ្ញុំមិនធ្វើការប្រៀបធៀបបែបនេះទេ»។

សូមជម្រាបថា ការអះអាងដ៏គឃ្លើនរបស់លោក អនុទីន កើតឡើងក្រោយក្រសួងការបរទេសឥណ្ឌា បង្ហាញនូវកង្វល់យ៉ាងខ្លាំង ចំពោះសកម្មភាពនៃការប្រើប្រាស់គ្រឿងចក្រកម្ទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជា នាច្រកអានសេះ ទន្ទឹមនឹងរដ្ឋធានីញូវដេលី ចាត់ទុកទង្វើបំពានរបស់ភាគីថៃ ថា ខ្វះការគោរព និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនានៅជុំវិញពិភពលោក ហើយការបំផ្លិចបំផ្លាញនិមិត្តរូបសាសនាបែបនេះ មិនគួរកើតមានឡើងឡើយ៕

