រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលចិន នៅថ្ងៃទី២៥ធ្នូនេះ បានចេញមុខចោទប្រកាន់សហរដ្ឋអាម៉េរិកថា កំពុងព្យាយាមបង្ខូចគោលនយោបាយការពារជាតិរបស់ខ្លួន ក្នុងបំណងរារាំងដល់វឌ្ឍនភាពនៃទំនាក់ទំនងរវាងចិន និងឥណ្ឌា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងបកស្រាយទៅកាន់របាយការណ៍របស់មន្ទីរបញ្ចកោណ ដែលបានលើកឡើងថា ចិនកំពុងឆ្លៀតឱកាសប្រើប្រាស់ការធូរស្រាលនៃជម្លោះព្រំដែនជាមួយឥណ្ឌា ដើម្បីទប់ស្កាត់កុំឱ្យទំនាក់ទំនងរវាងអាម៉េរិក និងឥណ្ឌាកាន់តែស៊ីជម្រៅ។ លោក លីន ជៀន បានថ្លែងយ៉ាងដូច្នេះថា ប្រទេសចិន ចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា តាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយសង្កត់ធ្ងន់ថា បញ្ហាព្រំដែន គឺជាកិច្ចការផ្ទៃក្នុងរវាងចិន និងឥណ្ឌាតែពីរប៉ុណ្ណោះ ហើយចិនជំទាស់ដាច់ខាតចំពោះប្រទេសទីបីណាមួយដែលចូលមកលូកដៃ ឬផ្តល់ការវិនិច្ឆ័យលើបញ្ហានេះ។ ការឆ្លើយតបនេះបានបង្ហាញឱ្យឃើញពីការប្រកួតប្រជែងឥទ្ធិពលយ៉ាងស្រួចស្រាវរបស់អាម៉េរិក និងចិន ទៅលើប្រទេសឥណ្ឌា ដែលជាតួអង្គយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់អាស៊ី៕


