រដ្ឋធានីញូវដេលី៖ យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និងជាង២០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុងអ៊ីនដ័រ (Indore) ភាគកណ្តាលនៃប្រទេសឥណ្ឌា បន្ទាប់ពីទទួលរងនូវការរាតត្បាតនៃជំងឺរាករូស បណ្ដាលមកពីបរិភោគទឹកមេរោគ។ នេះបើយោងតាមសមាជិកសភា និងអាជ្ញាធរសុខាភិបាលក្នុងតំបន់...។

លោក កៃឡាសហ៍ វិជ័យវ៉ាហ្គីវ៉ា (Kailash Vijayvargiya) សមាជិកសភាបានអះអាងថា មនុស្ស៩នាក់បានស្លាប់នៅទីក្រុងអ៊ីនដ័រ។ ជាមួយគ្នា ប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំទីក្រុងអ៊ីនដ័រ លោក ម៉ាដាវ ប្រាសាដ ហាសានី (Madhav Prasad Hasani) បានប្រាប់រ៉យទ័រតាមទូរសព្ទថា ទឹកបរិភោគក្នុងតំបន់បាហ្គីរ៉ាត់ភ្ជួរ (Bhagirathpur) ត្រូវបានបំពុល ហើយការធ្វើតេស្តទឹករកឃើញមានបាក់តេរីនៅក្នុងបំពង់បង្ហូរ។ លោក ហាសានី បានសង្កត់ធ្ងន់ថា៖«ខ្ញុំមិនអាចនិយាយអ្វីអំពីចំនួនអ្នកស្លាប់បានទេ ប៉ុន្តែមនុស្សជាង២០០នាក់មកពីតំបន់ដូចគ្នា កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យផ្សេងៗគ្នា»។

មន្ត្រីរដ្ឋបាលស្រុកបានលើកឡើងថា អាជ្ញាធរបានដាក់ពង្រាយក្រុមគ្រូពេទ្យដើម្បីពិនិត្យតាមទ្វារផ្ទះ និងកំពុងចែកចាយគ្រាប់ថ្នាំក្លរីន(chlorine) ដើម្បីជួយបន្សុទ្ធទឹក។ មន្រ្តីរូបនេះបានបន្ថែមថា៖«យើងបានរកឃើញចំណុចលេចធ្លាយមួយដែលអាចបំពុលទឹក ហើយចំណុចនោះត្រូវបានជួសជុលរួចហើយ»។ គួរបញ្ជាក់ថា ទីក្រុងអ៊ីនដ័រ ក្នុងរដ្ឋម៉ាដយ៉ាប្រាដេស (Madhya Pradesh) ត្រូវបានជាប់ឈ្មោះថា ជាទីក្រុងស្អាតបំផុត និងអនាម័យបំផុតរបស់ប្រទេសឥណ្ឌា សម្រាប់រយៈពេល៨ឆ្នាំចុងក្រោយនេះ៕


