​ជប៉ុន​ត្រៀមប្រតិបត្តិការ​រុករក​រ៉ែ​កម្រ​នៅដែន​សមុទ្ទជ្រៅ ព្រោះមិនចង់ផ្ញើដង្ហើមលើច្រមុះចិន
ហៀប ស៊ីថេត
09 មករា 2026 10:48 AM

រាជធានីតូក្យូ៖ ប្រទេសជប៉ុន បានប្រកាសយ៉ាងឱឡារឹកថា រាជធានីតូក្យូ នឹងទាញយករ៉ែកម្រនៅក្រោមបាតសមុទ្ទទឹកជ្រៅក្នុងជម្រៅ៦០០០ម៉ែត្រ ដែលជ្រៅជាងកម្ពស់ភ្នំហ្វូជីទៅទៀត ខណៈប្រតិបត្តិការនេះ គឺជាលើកដំបូងបំផុតរបស់ពិភពលោក ដែលអតីតខ្លាកំណាចជំនាន់សង្គ្រាមលោកលើកទី២ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១១ ខែមករា ឆ្នាំ២០២៦ ក្នុងបំណងទប់ស្កាត់ការពឹងផ្អែកលើប្រទេសចិន និយាយឱ្យខ្លី គឺមិនចង់ពឹងច្រមុះរដ្ឋធានីប៉េកាំងដកដង្ហើមទៀតទេ...។

នាវា​ខួង​វិទ្យាសាស្ត្រ​នៅក្នុង​សមុទ្ទទឹកជ្រៅ​របស់​ជប៉ុន ​ដែលមានឈ្មោះថា «ឈីកយុ Chikyu» នឹង​បញ្ឆេះម៉ាស៊ីនចេញដំណើរ​ទៅកាន់​កោះ​ដាច់ស្រយាល មីណាមិ តូរីហ្ស៊ីម៉ា (Minami Torishima) ក្នុង​មហាសមុទ្ទប៉ាស៊ីហ្វិក ​ដែល​គេ​ជឿថា ​ទីកន្លែង​នោះនឹងមានផ្ទុក​នូវ​កំណប់​រ៉ែ​ធម្មជាតិដ៏​មាន​តម្លៃ។ ជប៉ុនសម្រេចចិត្តភ្លាមៗបែបនេះ ​កើត​ឡើង​ នៅពេល​អ្នក​ផ្គត់ផ្គង់​រ៉ែ​កម្រ​ធំ​ជាង​គេ​លើ​លោក គឺមហាយក្សចិន បាន​​បង្កើន​សម្ពាធ​លើ​ប្រទេសជប៉ុន ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី សាណា តាកៃឈី ព្រមានឆ្លើយតបយោធា ប្រសិនបើរដ្ឋធានី​ប៉េកាំង​​ដណ្តើម​កាន់កាប់​កូនកោះអ្នកមាន[តៃវ៉ាន់] ហើយសងសឹកជប៉ុនវិញ តាមរយៈការផ្អាកការនាំចេញរ៉ែកម្រទៅកាន់រាជធានីតូក្យូ។ ទីភ្នាក់ងារជប៉ុនសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផែនដីសមុទ្ទ (JAMSTEC) បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បេសកកម្មរបស់នាវាឈីកយុ គឺជាជំហានដំបូង ឆ្ពោះទៅរកឧស្សាហូបនីយកម្មរបស់ប្រទេសនៃដីកម្រក្នុងស្រុក»។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា ​ប្រតិបត្តិការនេះ គឺ​ជា​ការ​សាកល្បង​ដំបូង​គេ​របស់​ពិភពលោក​ក្នុង​ជម្រៅ​ជ្រៅ​បែប​នេះ។

តំបន់ជុំវិញកោះ មីណាមិ តូរីហ្ស៊ីម៉ា ដែលស្ថិតនៅក្នុងដែនទឹកសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននេះ ត្រូវបានគេប៉ាន់ប្រមាណថា មានផ្ទុកនូវសារធាតុរ៉ែកម្រជាង ១៦លានតោន ខណៈចំនួនដ៏ច្រើននេះ អាចអនុញ្ញាតឱ្យជប៉ុនក្លាយប្រទេសមានរ៉ែកម្របម្រុងធំជាងគេទី៣ នៅទូទាំងពិភពលោក។ លោក តាកាហ៊ីរ៉ូ កាមីស៊ូណា (Takahiro Kamisuna) សហការីស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានប្រាប់ AFP ថា៖«ប្រសិនបើប្រទេសជប៉ុន អាចទាញយកភពកម្រដោយជោគជ័យនៅជុំវិញកោះមីណាមិ តូរីហ្ស៊ីម៉ាបាន នោះវានឹងធានាបាននូវខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សម្រាប់ឧស្សាហកម្មសំខាន់ៗ។ ដូចគ្នានេះដែរ វានឹងក្លាយជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលរបស់លោកស្រី តាកៃឈី ដើម្បីកាត់បន្ថយយ៉ាងខ្លាំង នូវការពឹងផ្អែកខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត