បន្ទាប់ពីចូលជួបស្តេចនាគរាជចិនដល់គុហា មេដឹកនាំកូរ៉េខាងត្បូង រៀបចំវ៉ាលិសហោះទៅគោះទ្វារជប៉ុនម្ដង
ហៀប ស៊ីថេត
12 មករា 2026 11:30 AM

រដ្ឋធានីសេអ៊ូល៖ ចេញពីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង បន្តទៅជួបប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី នៅថ្ងៃអង្គារទី១៣ ខែមករានេះ ខណៈរដ្ឋធានីសេអ៊ូលកំពុងព្យាយាមទាញដៃចិន-ជប៉ុនជាប្រទេសជិតខាងទាំង២ឱ្យផ្សះផ្សាគ្នាវិញ បន្ទាប់ពីតឹងសរសៃកដាក់គ្នាដ៏ក្ដៅគគុកនាពេលថ្មីៗនេះ។

លោក លី ជេម្យ៉ុង
លោក លី ជេម្យ៉ុង

កិច្ចប្រជុំកំពូលនៅទីក្រុងណារ៉ា (Nara) របស់ប្រទេសជប៉ុន កើតឡើងចំពេលមានជម្លោះការទូតកាន់តែខ្លាំងឡើងរវាងរដ្ឋធានី៏ប៉េកាំង និងរាជធានីតូក្យូ។ មែនទែនទៅ លោក លី បានប្រកាន់យកវិធីសាស្ដ្រការទូតប្រកបដោយប្រសិទ្ធភាព ក្នុងការស្វែងរកតុល្យភាពទំនាក់ទំនងជាមួយប្រទេសចិន និងជប៉ុន ដើម្បីឈានដល់កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្ម ដូចជា បញ្ញាសិប្បនិម្មិត (AI) ជាដើម។ កន្លងទៅ រដ្ឋធានីប៉េកាំងខឹងសម្បាររាជធានីតូក្យូជាខ្លាំង បន្ទាប់ពីលោកស្រី តាកៃឈី បានអះអាងថា ប្រសិនបើចិនហ៊ានវាយលើកោះតៃវ៉ាន់ នោះជប៉ុននឹងចូលខ្លួនដើម្បីអន្តរាគមន៍យោធា។

លោកស្រី សាណា តាកៃឈី 
លោកស្រី សាណា តាកៃឈី 

មេដឹកនាំកូរ៉េខាងត្បូងត្រៀមហោះទៅជួបមេដឹកនាំជប៉ុនដល់ផ្ទះបែបនេះ ក៏ទំនងជាបង្ហាញពីរបៀបវារៈនៃក្ដីព្រួយបារម្ភជាច្រើនឆ្នាំផងដែរ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដែលបង្កឡើងដោយស្នាដៃកូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងត្បូង-ជប៉ុន ត្រូវបានគេរំពឹងថា នឹងពិភាក្សាយ៉ាងទូលំទូលាយ ដែលទាក់ទៅនឹងជីវភាពរស់នៅរបស់ប្រជាជន ដូចជា កម្មសិទ្ធិបញ្ញា និង AI ជាដើម។ គួរជម្រាបថា ទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន​ នៅតែញាំញីដោយភាពតានតឹងយូរអង្វែង ជុំវិញការដាក់អាណានិគមរបស់ជប៉ុនលើកូរ៉េ រួមទាំងការប្រព្រឹត្តចំពោះស្ត្រីកូរ៉េ ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបនយោធាកាលពីអតីតកាល។ សូមបញ្ជាក់បន្តិចថា ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក លី ទៅកាន់ប្រទេសជប៉ុន ដែលមានរយៈពេលខ្លីជាងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅចិន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូត ដែលប្រទេសទាំង២បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន៕

លោក លី ជេម្យ៉ុង(ឆ្វេង) និងលោក ស៊ី ជីនពីង
លោក លី ជេម្យ៉ុង(ឆ្វេង) និងលោក ស៊ី ជីនពីង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត