
រដ្ឋធានីម៉ានីល៖ ហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិចំនួន២ នៅថ្ងៃព្រហស្បតិ៍ទី១៥មករានេះ រួមទាំងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យកងកម្លាំងរបស់ប្រទេសម្ព័ន្ធមិត្តទាំងនេះ ផ្លាស់ប្ដូរការផ្គត់ផ្គង់ និងសេវាកម្មយោធា ខណៈប្រទេសកោះទាំង២នេះ កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងភាពតានតឹងក្នុងតំបន់ ក្រោយស្តេចនាគរាជចិន បន្លឺសំឡេងព្រមានរដ្ឋធានីម៉ានីល និងរាជធានីតូក្យូ កុំឱ្យលូកលាន់រឿងវាយយកកូនកោះតៃវ៉ាន់...។

កិច្ចព្រមព្រៀងទិញយក និងសេវាកម្មផ្លាស់ប្ដូរភស្តុភារហ័ស ដែលត្រូវបានរៀបចំឡើងដើម្បីបើកលទ្ធភាពក្នុងការផ្ដល់ការផ្គត់ផ្គង់ និងសេវាកម្មយ៉ាងរហ័សរវាងយោធាប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងចូលប្រើប្រាស់មូលដ្ឋានទ័ពយោធាគ្នាទៅវិញទៅមក រវាងសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតទាំង២របស់រដ្ឋធានីវ៉ាស៊ីនតោន បានចូលជាធរមាន។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៊ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅរដ្ឋធានីម៉ានីល ក្នុងអំឡុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ា និងអាស៊ី រយៈពេល៩ថ្ងៃ ជាមួយការឈប់សម្រាកនៅអ៊ីស្រាអែល ទឹកដីប៉ាឡេស្ទីន កាតា និងឥណ្ឌា ដែលឆ្លុះបញ្ចាំងពីជំហរយុទ្ធសាស្ត្ររបស់រាជធានីតូក្យូ ចំពេលភូមិសាស្ត្រនយោបាយពិភពលោកកាន់តែស្មុគស្មាញ។ ជាមួយគ្នា លោក ម៉ូតេហ្គី និងសមភាគីហ្វីលីពីន លោកស្រី ថេរេសា ឡាហ្សារ៉ូ (Theresa Lazaro) ក៏បានប្រកាសផ្តល់ជំនួយសន្តិសុខផ្លូវការរបស់ជប៉ុនចំនួន៦លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់រដ្ឋធានីម៉ានីលផងដែរ។

ប្រទេសជប៉ុន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃភាពតានតឹងដែនសមុទ្ទចិនខាងត្បូង ខណៈហ្វីលីពីន និងចិន តែងប៉ះទង្គិចគ្នាជារឿយៗ នៅក្នុងដែនទឹកដ៏ផុយស្រួយនៃសមុទ្ទចិនខាងត្បូង។ លោក ម៉ូតេហ្គី បានអះអាងក្នុងសន្និសីទសារព័ត៌មានរួមជាមួយ លោកស្រី ថេរេសា ថា៖«លោកស្រីរដ្ឋមន្ត្រី និងខ្ញុំក៏បានបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី ជប៉ុន ហ្វីលីពីន សហរដ្ឋអាម៉េរិក ក្នុងការប្រឈមមុខនឹងបរិយាកាសយុទ្ធសាស្ត្រកាន់តែធ្ងន់ធ្ងរផងដែរ»។ ជាចុងក្រោយ លោកស្រី ឡាហ្សារ៉ូ អះអាងថា ប្រទេសទាំង២ទទួលស្គាល់តម្លៃនៃការលើកកម្ពស់នីតិរដ្ឋ រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ហើយប្រទេសជប៉ុន នៅតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។ តើការពង្រីកកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងប្រទេសទាំង២ គឺដើម្បីរៀបចំសេណារីយ៉ូទប់ឥទ្ធិពលចិន ឬយ៉ាងណា?...៕



