
រាជធានីតូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណា តាកៃឈី និងប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង បានជួបប្រជុំនៅប្រទេសជប៉ុននាថ្ងៃអង្គារទី១៣ ខែមករា ខណៈប្រទេសជិតខាងអាស៊ីបូព៌ាទាំង២សម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ជាពិសេសវិបត្តិនៅឯសមុទ្ទចិនខាងកើត...។

ជាងនេះទៅទៀត ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក៏នៅតែជាប្រធានបទក្ដៅរវាងមេដឹកនាំទាំង២ ខណៈកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា បញ្ញាសិប្បនិមិត្ត និងគ្រឿងអេឡិចត្រូនិកនៅជាអាទិភាពកំពូល។ លោកស្រី តាកៃឈី បានប្រាប់លោក លី នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលរបស់ពួកគេថា ៖«យើងចង់ធ្វើឱ្យឆ្នាំនេះជាឆ្នាំដែលទំនាក់ទំនងជប៉ុន និងកូរ៉េខាងត្បូងត្រូវបានឈានដល់កម្រិតខ្ពស់ជាងនេះ»។ ដោយឡែក លោក លី បានប្រាប់លោកស្រី តាកៃឈី ថា ៖«នៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិដ៏ស្មុគស្មាញ និងវិបត្តិនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងជប៉ុនគឺមានសារសំខាន់ជាងពេលណាៗទាំងអស់»។ យ៉ាងណា លោកស្រី តាកៃឈី និងលោក លី នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង២។

គួរជម្រាបថា មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងជួបគ្នានេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោក លី បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ មកដល់ពេលនេះ រាជធានីតូក្យូ និងរដ្ឋធានីប៉េកាំង នៅតែជាប់គាំងនៅក្នុងជម្លោះការទូតដ៏យ៉ាប់យ៉ឺន បន្ទាប់ពីលោកស្រី តាកៃឈី កត់សម្គាល់ថា ជប៉ុនអាចដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឆ្លើយតបចិន ប្រសិនបើរដ្ឋធានីប៉េកាំងបើកការវាយប្រហារលើកោះតៃវ៉ាន់។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោក លី ទៅចិន រួចហោះទៅជប៉ុននេះ ទំនងជាបង្ហាញពីតួនាទីជាអ្នកសម្របសម្រួលការទូត និងដើម្បីស្អំបេះដូងមេដឹកនាំនៃប្រទេសអតីតសត្រូវទាំង២ ឱ្យត្រជាក់ ពោលគឺងាកមកជជែកគ្នាបែបការទូត ជាជាងជម្លោះប្រដាប់អាវុធ៕



