ក្រសួងការងារ ជំរុញម្ចាស់រោងចក្រសហគ្រាស វិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីសុវត្ថិភាពកម្មករ
S
Soriya Sou
3 ខែមុន

រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញម្ចាស់រោងចក្រសហគ្រាសទាំងអស់ វិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងខ្យល់ចេញចូលនៅក្នុងរោងចក្ររបស់ខ្លួន ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ...។

លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ 
លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ 

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី«កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» កាលពីថ្ងៃទី១៩មករា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ បានសង្កត់ធ្ងន់ថា៖ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងខ្យល់ចេញចូលនៅកន្លែងធ្វើការ មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ដើម្បីបង្កើនផលិតភាពការងារ និងធានានូវនិរន្តរភាពអាជីវកម្ម។ បរិយាកាសការងារដែលមានផាសុកភាព នឹងជួយឱ្យកម្មករនិយោជិតរក្សាបាននូវស្មារតីនឹងនរ និងថាមពលពេញលេញ ជាកត្តាសំខាន់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេស គ្រោះថ្នាក់ការងារ និងជួយឱ្យសហគ្រាសឈានទៅសម្រេចបាននូវគោលដៅ "សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ"

លោកស្រីអះអាងថា គ្រោះថ្នាក់ការងារ គឺជាបញ្ហាដែលអាចបង្ការបាន ប្រសិនបើយើងមានការវាយតម្លៃហានិភ័យច្បាស់លាស់ និងការអនុវត្តវិធានការចំគោលដៅ។ លោកស្រី សុវណ្ណ វណ្ណារតន៍ បានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាកម្តៅនៅតាមរោងចក្រ សហគ្រាស ឱ្យបានទូលំទូលាយ។

សូមជម្រាបថា ភាពតានតឹងនៃកម្ដៅអាចប៉ះពាល់យ៉ាងខ្លាំងដល់ផលិតភាពក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជាជាចម្បង ដោយសារតែការកើនឡើងនៃសីតុណ្ហភាព ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស នៅក្នុងរដូវប្រាំង។ រោងចក្រជាច្រើនខ្វះប្រព័ន្ធខ្យល់ និងប្រព័ន្ធត្រជាក់ត្រឹមត្រូវ ដែលនាំឱ្យបរិយាកាសការងារមិនសមស្របសម្រាប់កម្មករ ខណៈសីតុណ្ហភាពក្នុងរោងចក្រអាចឡើងដល់ជិត៤០អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពនៅខាងក្រៅ។ ដូច្នេះ ការដោះស្រាយភាពតានតឹងក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា មានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់ផលិតភាព និងការធានាសុវត្ថិភាពកម្មករ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត