អ្នកនាំពាក្យការងារ អំពាវនាវឱ្យកម្មករនិយោជិតទាក់ទងទៅក្រសួងភ្លាម បើជួបបញ្ហារំលោភសិទ្ធិ និងការជេប្រមាថ
S
Soriya Sou
14 មករា 2026 09:10 AM

រាជធានីភ្នំពេញ៖ ដើម្បីទទួលបានដំណោះស្រាយទាន់ពេលវេលា លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិត ទាក់ទងទៅក្រសួងការងារភ្លាមៗ បើសិនជួបប្រទះបញ្ហានៅកន្លែងការងារ ជាពិសេស ការរំលោភសិទ្ធិ...។

ក្នុងនាមក្រសួងការងារ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី១៤មករានេះ បានជំរុញឱ្យបងប្អូនកម្មករ-និយោជិត ដែលបានជួបប្រទះបញ្ហាទាក់ទងនឹងលក្ខខណ្ឌការងារ, ច្បាប់ការងារ, ការរំលោភសិទ្ធិ ឬការជេរប្រមាថណាមួយនៅកន្លែងការងារ សូមប្រញាប់ទាក់ទងទៅលេខ ១២៨៦ ជាលេខទូរសព្ទបន្ទាន់របស់ក្រសួងការងារ ធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ នៅពេលទទួលបានព័ត៌មាន ឬសំណើពីកម្មករ-និយោជិតភ្លាម ក្រសួងការងារ នឹងចាត់មន្ត្រីជំនាញចុះទៅអន្តរាគមន៍សម្របសម្រួល ដោះស្រាយជូនយ៉ាងលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។ លោក ស៊ុន មេសា បញ្ជាក់បន្ថែម។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវបន្ថែមឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ចៀសវាងការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ បើក្នុងករណីមិនទាន់បានទាក់ទងមកក្រសួងការងារឱ្យជួយដោះស្រាយជូននៅឡើយ។ លោកស្នើឱ្យបងប្អូនកម្មករ ជឿទុកចិត្តមកលើយន្ដការសម្របសម្រួលដោះស្រាយរបស់ក្រសួងការងារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត