
រដ្ឋធានីម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នៅថ្ងៃទី១៩ ខែមករានេះ បានប្រកាសពីការរកឃើញប្រភពឧស្ម័នធម្មជាតិដ៏សំខាន់មួយ នៅជិតទីតាំងបូមឧស្ម័ន Malampaya ជាប្រភពថាមពលដ៏សំខាន់តែមួយគត់របស់ប្រទេស។

តាមការប៉ាន់ស្មាន ឧស្ម័នធម្មជាតិប្រមាណ២,៨ពាន់លានម៉ែត្រគូប ត្រូវបានរកឃើញនៅភាគខាងកើតនៃវាល Malampaya ក្បែរកោះ Palawan ដែលបរិមាណនេះ គឺគ្រប់គ្រាន់សម្រាប់ផ្ដល់ថាមពលអគ្គិសនីដល់ផ្ទះពលរដ្ឋចំនួន៥,៧លានខ្នង ក្នុងរយៈពេលមួយឆ្នាំពេញ។ ការរកឃើញនេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់ហ្វីលីពីន ដែលជាប្រទេសមានតម្លៃថាមពលខ្ពស់បំផុតមួយក្នុងតំបន់ និងកំពុងប្រឈមមុខនឹងវិបត្តិថាមពល ដោយសារវាលឧស្ម័ន Malampaya ចាស់ ផ្គត់ផ្គង់អគ្គិសនីដល់ទៅ ៤០ភាគរយសម្រាប់កោះ Luzon គ្រោងនឹងរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកប្រធានាធិបតីបញ្ជាក់ថា៖ «ការរកឃើញនេះ នឹងជួយពង្រឹងការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុករបស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ លទ្ធផលនៃការធ្វើតេស្តបឋមបង្ហាញថា អណ្ដូងនេះ មានលទ្ធភាពបញ្ចេញឧស្ម័នបានចំនួន១,៧លានម៉ែត្រគូបក្នុងមួយថ្ងៃ»។

អ្នកជំនាញផ្នែកថាមពលយល់ឃើញថា ទោះបីជាការរកឃើញនេះមានទំហំតូចបន្តិចមែន ប៉ុន្តែវាជាសញ្ញាវិជ្ជមានក្នុងការស្វែងរកប្រភពឧស្ម័នផ្សេងទៀត នៅក្បែរនោះ និងជួយពន្យារអាយុកាលនៃបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្ទប្រវែង៥០០គីឡូម៉ែត្រដែលមានស្រាប់។ អតីតនាយកប្រតិបត្តិក្នុងវិស័យឧស្សាហកម្មម្នាក់បានប៉ាន់ប្រមាណថា វាអាចជួយពន្យារជីវិតនៃវាលឧស្ម័ន Malampaya បានពី២ទៅ៣ឆ្នាំបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ហ្វីលីពីននៅតែត្រូវបានគេណែនាំឱ្យបង្កើនការយកចិត្តទុកដាក់លើថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលខ្យល់ ដើម្បីធានាសន្តិសុខថាមពលក្នុងរយៈពេលវែង ខណៈការរុករកនៅតំបន់សមុទ្ទចិនខាងត្បូង នៅតែមានភាពស្មុគស្មាញដោយសារជម្លោះដែនទឹកជាមួយប្រទេសចិន៕



