
រាជធានីគូឡាឡាំពួរ៖ យោងតាមក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃចន្ទទី២២ធ្នូ ហ្វីលីពីនបានត្រៀមខ្លួនធ្វើជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ នៅពេលដែលទទួលតំណែងជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦។

ក្រសួងការបរទេស បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នានៅថ្ងៃចន្ទទី២២ធ្នូ នៅរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវន ដើម្បីពិភាក្សាអំពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ហ្វីលីពីនត្រូវបានតំណាងដោយលោកស្រី ថេរេសា ឡាហ្សារ៉ូ (Theresa P. Lazaro) រដ្ឋមន្ត្រីការបរទេស។ ក្រសួងការបរទេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការពិភាក្សានៅថ្ងៃទី២២ធ្នូ ហ្វីលីពីន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលតួនាទីជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ ប្រសិនបើភាគីទាំង២ ទុកចិត្តអព្យាក្រិតភាព និងភាពមិនលម្អៀង នៅពេលដែលហ្វីលីពីនទទួលតំណែងជាប្រធានអាស៊ាន នៅខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានកោះប្រជុំស្របតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ។ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) មានការចូលរួមពីមន្ត្រីសរុបចំនួន២៣រូប រួមទាំងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា, រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ និងរដ្ឋមន្ត្រីការបរទេសផ្សេងទៀត រួមមានលោក ស៊ូហ្គីអូណូ (Sugiono) នៃប្រទេសឥណ្ឌូណេស៊ី, លោក ថងសុវណ្ណ ភូមិវិហាន (Thongsavanh Phomvihane) នៃប្រទេសឡាវ, លោក វីវៀន បាឡាគ្រីសណាន (Vivian Balakrishnan) នៃប្រទេសសិង្ហបុរី, លោក ប៊ែនឌីតូ ដូស សាន់តូស ហ្វ្រៃតាស (Bendito dos Santos Freitas) នៃប្រទេសទីម័រខាងកើត និងលោក ថេរេសា ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានចូលរួមកិច្ចប្រជុំ។ប្រទេសព្រុយណេតំណាងដោយរដ្ឋមន្ត្រីការបរទេសលំដាប់ទី២ លោក ដាតុក អេរីវ៉ាន់ ពេហ៊ីន យូសូហ្វ (Datuk Erywan Pehin Yusof) ខណៈប្រទេសវៀតណាមបញ្ជូនត្រឹមអនុរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគឺ លោក ដាំង ហួង យ៉ាង (Dang Hoang Giang) ទៅចូលរួម។ ចំណែក មន្ត្រីមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំតាមអ៊ីនធឺណិត។

គួរបញ្ជាក់ថា កម្ពុជា និងថៃ បានព្រមព្រៀងគ្នាយកថ្ងៃទី២២ធ្នូ ដើម្បីធ្វើកិច្ចប្រជុំមន្ត្រីការពារជាតិនៅថ្ងៃទី២៤ធ្នូ ឆ្ពោះទៅរកការបន្តបទឈប់បាញ់គ្នារយៈពេលជាច្រើនខែ ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតាមព្រំដែនរវាងប្រទេសទាំងពីរ បានចូលដល់សប្តាហ៍ទីបី ដោយមានមនុស្សយ៉ាងហោចណាស់៨០នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕




