ស្លា.ប់ម្នាក់ បាត់ខ្លួនជិត៤០នាក់ ក្នុងហេតុការណ៍បាក់គំនរភ្នំសំរាមសង្កត់កម្មករនៅហ្វីលីពីន
N
Nary Vann
09 មករា 2026 09:24 AM

រដ្ឋធានីម៉ានីល៖ ហេតុការណ៍បាក់គំនរសំរាមដ៏ធំមហិមា បានកើតឡើងនៅទីលានចាក់សំរាមមួយកន្លែងក្នុងក្រុងសេប៊ូ Cebu នៅថ្ងៃសុក្រទី៩ ខែមករានេះ ដោយបានកប់សង្កត់កម្មករដែលកំពុងធ្វើការបែងចែកកាកសំណល់ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ របួស៧នាក់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។

តាមសេចក្តីរាយការណ៍ពីអាជ្ញាធរប៉ូលិស គំនរសំរាមដ៏ធំបានបាក់ធ្លាក់ចុះមកដូចភ្នំ សង្កត់ទៅលើឃ្លាំងស្ដុកទំនិញដែលកម្មករកំពុងធ្វើការ។ ក្នុងចំណោមអ្នកដែលត្រូវបានគេទាញចេញពីគំនរសំរាម មានកម្មការិនីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈ៧នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ ចំនួនអ្នកបាត់ខ្លួននៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់នៅឡើយ ដោយខាងប៉ូលិសថាបាត់ខ្លួន២៧នាក់ ប៉ុន្តែអភិបាលក្រុងសេប៊ូ លោក ណេស្តូរ អាឈីវ៉ាល Nestor Archival បញ្ជាក់ថា អ្នកបាត់ខ្លួនអាចមានរហូតដល់៣៨នាក់។

លោកអភិបាលក្រុងបានថ្លែងថា៖«ក្រុមជួយសង្គ្រោះកំពុងសម្រុកស្វែងរកអ្នកដែលជាប់ក្នុងគំនរសំរាម ហើយរដ្ឋបាលក្រុងនឹងធ្វើគ្រប់យ៉ាង ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងស៊ើបអង្កេតរកអ្នកទទួលខុសត្រូវក្នុងរឿងនេះ»។ បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា តើមានផ្ទះប្រជាពលរដ្ឋនៅក្បែរនោះរងផលប៉ះពាល់ដែរឬទេ ខណៈអាជ្ញាធរកំពុងកោះប្រជុំបន្ទាន់ ជាមួយក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ដែលមានបុគ្គលិកជាង១០០នាក់ ដើម្បីវាយតម្លៃស្ថានភាពបន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត