រដ្ឋធានីប្រ៊ុចសែល៖ ស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ ក្រឡាប់ចក្រ ពិបាកនឹងស្មានដល់។ សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក កំពុងមើលមុខគ្នាលែងចំ ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដាក់ពន្ធ១០ភាគរយលើប្រទេសអឺរ៉ុបចំនួន៨ ក្រោមស្រមោលឈឺឆ្អាលរឿងកោះទឹកកកហ្គ្រីនឡែន។ ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ កាលពីថ្ងៃអាទិត្យទី១៨មករា ដើម្បីរារាំងមហិច្ឆតា ត្រាំ លើការចង់កាន់កាប់កោះហ្គ្រីនឡែន និងសម្ពាធពន្ធបន្ថែមលើសម្ព័ន្ធមិត្តអឺរ៉ុប។ យ៉ាងណា មិត្តអឺរ៉ុបកំពុងរៀបចំវិធានការសងសឹកផងដែរ ប្រសិនបើសម្ពាធពន្ធរបស់អាម៉េរិកនៅតែបន្ត...។

ថ្មីៗនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសអនុវត្តរលកនៃការដំឡើងពន្ធ១០ភាគរយ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើសមាជិកសហភាពអឺរ៉ុបចំនួន៨ រួមមាន៖ ដាណឺម៉ាក ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ ចក្រភពអង់គ្លេស និងន័រវែស រហូតដល់សហរដ្ឋអាម៉េរិកទទួលបានភ្លើងខៀវ លើការទិញយកកោះហ្គ្រីនឡែន។ ទោះយ៉ាងនេះក្ដី សហភាពអឺរ៉ុបចាត់ទុកជំហានយក្សរបស់ ត្រាំ ជាការគំរាមកំហែងដល់សមាជិកសហភាពអឺរ៉ុបយ៉ាងធ្ងន់ធ្ងរ។ មេដឹកនាំសហភាពអឺរ៉ុប ក៏គ្រោងពិភាក្សាអំពីជម្រើសនៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយ នៅរដ្ឋធានីប្រ៊ុចសែល នាថ្ងៃព្រហស្បតិ៍ទី២២ ខែមករាខាងមុខ។ ជម្រើសនៃរបៀបវារៈដ៏សំខាន់មួយ គឺកញ្ចប់ពន្ធលើការនាំចូល១០៧,៧ពាន់លានដុល្លារ នៃការនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលអាចចាប់ផ្តើមដោយស្វ័យប្រវត្តិ នៅថ្ងៃទី៦ខែកុម្ភៈ បន្ទាប់ពីផ្អាករយៈពេល៦ខែ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) ដែលធ្វើជាប្រធានកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប បានអះអាងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការពិគ្រោះយោបល់របស់លោកជាមួយសមាជិកសហភាពអឺរ៉ុបបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់ពួកគេ ក្នុងការគាំទ្រប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន រួមទាំងការត្រៀមខ្លួនដើម្បីការពារប្រឆាំងនឹងទម្រង់នៃការបង្ខិតបង្ខំណាមួយ ដោយសហរដ្ឋអាម៉េរិក។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស់ ឡូកកេ រ៉ាស់មូសសេន (Lars Lokke Rasmussen) បានអះអាងថា ប្រទេសដាណឺម៉ាក នឹងបន្តផ្តោតលើការទូត ដោយយោងទៅលើកិច្ចព្រមព្រៀងមួយដែលបានឯកភាពគ្នារវាង ដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាម៉េរិក។

ជាមួយគ្នា អ្នកការទូត EU ម្នាក់ បានលើកឡើងអំពីផែនការរបស់ពួកគេថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសន្ទនាដោយផ្អែកលើគោលការណ៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដី។ សភាអឺរ៉ុប ក៏គ្រោងនឹងផ្អាកការងាររបស់ខ្លួនលើសហភាពអឺរ៉ុប-អាម៉េរិកផងដែរ។ តើហេតុអ្វីខ្លះដែល ត្រាំ ដាក់ពន្ធ១០ភាគរយបន្ថែមទៀតលើប្រទេសអឺរ៉ុបទាំង៨នេះ..? ហេតុផលនោះ ក៏ព្រោះតែប្រទេសទាំង៨ បានបញ្ជូនបុគ្គលិកយោធាទៅកាន់កោះហ្គ្រីនឡែន ដែលសហរដ្ឋអាម៉េរិកទាមទារកាន់កាប់ដោយខុសច្បាប់។ សកម្មភាពទាំងនេះ បង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុប កំពុងដាំក្បាលចុះ ស្របពេលភូមិសាស្ត្រនយោបាយពិភពលោកកាន់ តែស្មុគស្មាញ ខណៈបញ្ហាពន្ធគយរបស់ ត្រាំ គឺជាដំបៅក្នុងទ្រូងសហភាពអឺរ៉ុបរួចទៅហើយ។ តើបញ្ហាកោះហ្គ្រីនឡែនថ្មីនេះ អាចដុំភ្លើងខណ្ឌចែកមិត្តភាពអាម៉េរិក និងសហភាពអឺរ៉ុប ដែរឬទេ..? ចុះបើអាម៉េរិក និងសហភាពអឺរ៉ុបបែកបាក់គ្នា តើពិភពលោកនេះ នឹងមានរឿងអ្វីកើតឡើង?...៕


