អភិបាលរាជធានី-ខេត្ត ត្រូវហ៊ានធានាចំពោះមុខរាជរដ្ឋាភិបាលនិងប្រជាជន លើការ«បង្ក្រាបឧក្រិដ្ឋកម្មអនឡាញឱ្យអស់ពីដែនសមត្ថកិច្ចរៀងៗខ្លួន»
ហាក់ អ៊ីឌី
19 មករា 2026 06:32 AM

រាជធានីភ្នំពេញ៖ អនឡាញស្កេម កំពុងក្លាយជាដំបៅមហារីកសកល និយាយជារួម និងជាវិបត្តិដ៏ធំមួយក្នុងសង្គមខ្មែរ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើកណ្តាប់ដៃដែកបំបែកសំបុកក្រុមឧក្រិដ្ឋជន និយាយដោយឡែក។ ដូចនេះ អភិបាលរាជធានី-ខេត្ត គួរតែពង្រឹងវិធានការ«បង្ក្រាបឧក្រិដ្ឋកម្មអនឡាញឱ្យអស់ពីដែនសមត្ថកិច្ចរៀងៗខ្លួន» ដើម្បីជាការធានាចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស...។

មែនទែនទៅ ក្នុងបរិបទដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងរហ័ស បញ្ហាឧក្រិដ្ឋកម្មអនឡាញស្កេម បានក្លាយជាបញ្ហាប្រឈមដ៏ស្រួចស្រាវ ទាមទារឱ្យមានការចាត់វិធានការក្ដៅ និងម៉ឺងម៉ាត់បំផុត ដើម្បីធានាបានថា មានប្រសិទ្ធក្នុងរយៈពេលយូរអង្វែង មិនមែនត្រឹមតែមួយចម្អិនកំពឹសនោះទេ។ ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង តម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវតែបង្ក្រាបបទល្មើសទាំងនេះ ឱ្យអស់ពីដែនសមត្ថកិច្ចរៀងៗខ្លួន។ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត គឺមានភាពចាំបាច់ណាស់ ដែលត្រូវបង្ហាញពីភាពម្ចាស់ការ និងភាពស្មោះត្រង់ក្នុងការអនុវត្តច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល។ ការធានា មិនត្រឹមតែជាពាក្យសន្យានោះទេ ប៉ុន្តែជាការសន្យាដែលត្រូវដោះដូរដោយលទ្ធផលជាក់ស្តែង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១៨ ខែមករាម្សិលមិញ រដ្ឋបាលខេត្តស្វាយរៀង បានចេញមុខប្ដេជ្ញាមុនគេជាសាធារណៈ នូវគោលជំហរលុបបំបាត់ឧក្រិដ្ឋកម្មឱ្យអស់ពីដែនដីខ្លួន តាមរយៈការស្នើសុំកិច្ចសហការពីម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ។ ក្នុងករណី ភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្កេមនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ទៅលើម្ចាស់ទីតាំងប្រព្រឹត្តិល្មើស។ ទោះយ៉ាងណា ប្រជាពលរដ្ឋសង្កេតឃើញថា បទបញ្ជានេះ មិនត្រឹមតែជាការព្រមានដល់ក្រុមឧក្រិដ្ឋជនប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ឱ្យមានភាពស្មោះត្រង់ និងម៉ឺងម៉ាត់បំផុត ដើម្បីស្ដារទំនុកចិត្តដល់វិនិយោគិនបរទេស និងលើកមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិឡើងវិញ។

គួរបញ្ជាក់ផងដែរថា ក្រៅពីអតីតអ្នកឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្សុី ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសកំណើត លោក លី គួង ដែលធ្លាប់មានងារជាអ្នកឧកញ៉ាដែរនោះ ក៏មានវាសនាមិនខុសគ្នាដែរ ពោលគឺក្រោយពីអាជ្ញាធររកឃើញជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋកម្មអនឡាញស្កេម អ្នកឧកញ៉ា ដែលស្ថិតក្នុងបញ្ជីខ្មៅរូបនេះ ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការដូចគ្នា។ ក្រោយការចាប់ខ្លួនមេខ្លោងគ្រាក់ៗទាំង២រូបនេះ នៅព្រឹកថ្ងៃចន្ទទី១៩មករា មានជនបរទេសជាច្រើន បាននាំគ្នាសម្រុកចេញពីទីតាំងអគារដែលប្រមូលផ្តុំគ្នា នៅតាមបណ្ដាខេត្តជាច្រើនរួមមាន៖ ព្រះសីហនុ បាត់ដំបង់ ស្វាយរៀង និងរាជធានីភ្នំពេញផងដែរនោះ បានចាក់ចេញពីប្រទេសកម្ពុជាយ៉ាងប្រញាប់ប្រញាល់ តាមច្រកទ្វារព្រំដែនទិសខាងកើត។

ជនបរទេសជាច្រើន បាននាំគ្នាសម្រុកចេញពីទីតាំងអគារដែលប្រមូលផ្តុំ
ជនបរទេសជាច្រើន បាននាំគ្នាសម្រុកចេញពីទីតាំងអគារដែលប្រមូលផ្តុំ

សូមជម្រាបថា តាមរយៈសារបញ្ជាក់លើគណនីហ្វេសប៊ុកនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្តេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នា សម្តេចក៏បានសង្កត់ធ្ងន់ផងដែរថា៖«ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame) គឺជាចំណុចដ៏សំខាន់នាពេលនេះ»...៕    

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត