
រដ្ឋធានីហ្សាការតា៖ ទឹកជំនន់ភ្លាមៗបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់១៤នាក់ នៅស៊ូឡាវេស៊ី (Sulawesi) ភាគខាងជើងនៃប្រទេសឥណ្ឌូណេស៊ី ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត។ នេះបើតាមមន្ត្រីរដ្ឋាភិបាល អះអាងនៅថ្ងៃអង្គារទី៦ ខែមករា ឆ្នាំ២០២៦...។

លោក នូរៀឌីន ហ្គូមេឡេង (Nuriadin Gumeleng) អ្នកនាំពាក្យទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់ បានអះអាងថា ភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃចន្ទទី៥មករា បង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅលើកោះសៀវ(Siau) ស្ថិតក្នុងតំបន់សៀវ តាគូឡានដាង បៀរ៉ូ (Siau Tagulandang Biaro) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់។ លោក នូរៀឌីន បន្ថែមថា ក្រុមអ្នកជួយសង្គ្រោះចំនួន១៦នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកមនុស្ស៤នាក់ដែលបានបាត់ខ្លួន នៅថ្ងៃអង្គារនេះ ទន្ទឹមនឹងមនុស្ស ១៨នាក់ផ្សេងទៀតរងរបួស។ គិតមកទល់ពេលនេះ មនុស្សជាង៤៤៤នាក់ត្រូវបានជម្លៀសទៅកាន់សាលារៀន និងព្រះវិហារក្នុងតំបន់។ លើសពីនេះ លោកកត់សម្គាល់ថា៖«យើងបន្តប្រមូលទិន្នន័យពីអ្នកស្រុកក្នុងករណីមានអ្នកបាត់ខ្លួនបន្ថែមទៀត»។

ក្រៅពីស្លាប់ របួស និងបាត់ខ្លួន ទឹកជំនន់ក៏បានបំផ្លាញផ្ទះរាប់រយខ្នង និងអគាររដ្ឋាភិបាលផងដែរ។ គេនៅបានចាំថា កាលពីចុងឆ្នាំ២០២៥ គ្រោះទឹកជំនន់ដែលបណ្ដាលមកពីព្យុះកំបុតត្បូង និងការបាក់ដីបានសម្លាប់មនុស្សជាង១០០០នាក់នៅកោះសូម៉ាត្រា ហើយរាប់រយនាក់នៅតែបន្តបាត់ខ្លួន។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីប្រឈមមុខនឹងវិបត្តិធម្មជាតិជាញឹកញាប់ ដោយសារប្រទេសនេះ ស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើង ស្រទាប់ផែនដីស្តើង ងាយនឹងបង្កឱ្យមានគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង គ្រោះទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ៕



