
រាជធានីម៉ាឌ្រីដ៖ គ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី១៨ ខែមករាម្សិលមិញ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយគ្រឿងបានធ្លាក់ផ្លូវ ហើយជ្រុលទៅបុករថភ្លើងមួយគ្រឿងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថភ្លើងទីពីរធ្លាក់ពីលើផ្លូវ និងក្រឡាប់ធ្លាក់ទៅក្នុងទីជម្រាល។ ប្រភពពីមន្ត្រីនគរបាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់២១នាក់ បានបាត់បង់ជីវិត និងមនុស្សប្រហែល១០០នាក់ទៀតរងរបួសធ្ងន់ស្រាល...។

គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦ៈ៤០នាទីល្ងាច នៅជិតតំបន់ អាដាមូស (Adamuz) ក្នុងខេត្ត ខដដូបា (Cordoba)។ រថភ្លើងល្បឿនលឿន Iryo 6189 (ធ្វើដំណើរពីទីក្រុងម៉ាឡាហ្កា (Malaga) ទៅម៉ាឌ្រីដ) ដែលមានអ្នកដំណើរជាង៣០០នាក់ បានធ្លាក់ពីលើផ្លូវ និងបានរអិលទៅបុករថភ្លើង Alvia របស់ក្រុមហ៊ុន Renfe (ធ្វើដំណើរពីម៉ាឌ្រីដ ទៅទីក្រុង Huelva) មានអ្នកដំណើរប្រហែល១០០នាក់។ យោងតាមរបាយការណ៍ រថភ្លើង Alvia កំពុងបើកបរក្នុងល្បឿនប្រហែល២០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលមានការប៉ះទង្គិច ខណៈកម្លាំងបុកបានធ្វើឱ្យទូរថភ្លើងពីរដំបូងខ្ទាតចេញពីផ្លូវ និងធ្លាក់ទៅក្នុងជម្រាលកម្ពស់៤ម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ លោក អូស្ការ ពូអ៊ិនតេ Oscar Puente បានថ្លែងថា ហេតុការណ៍នេះជារឿងចម្លែកបំផុត ព្រោះវាបានកើតឡើងនៅលើកំណាត់ផ្លូវត្រង់ដែលទើបតែជួសជុលថ្មី កាលពីខែឧសភា។ ក្នុងចំណោមអ្នកស្លាប់ ក៏មានអ្នកបើកបររថភ្លើងម្នាក់ផងដែរ ខណៈមនុស្សប្រហែល១០០នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ២៥នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កងទ័ពពីមូលដ្ឋានយោធានៅក្បែរនោះ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងទាញយកអ្នកដំណើរជាប់គាំងនៅក្នុងទូរថភ្លើងដែលខ្ទេចខ្ទី។

ជុំវិញសោកនាដកម្មនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ឆេស (Pedro Sanchez) បានលុបចោលកម្មវិធីការងារទាំងអស់សម្រាប់ថ្ងៃចន្ទនេះ ដើម្បីដោះស្រាយសោកនាដកម្មនៃគ្រោះមហន្តរាយ ខណៈព្រះមហាក្សត្រ និងព្រះមហាក្សត្រីអេស្ប៉ាញ កំពុងតាមដានព្រឹត្តិការណ៍នេះដោយក្ដីបារម្ភផងដែរ។ បច្ចុប្បន្ន រាល់សេវាកម្មផ្លូវដែករវាងទីក្រុងម៉ាឌ្រីដ និងតំបន់អានដាលូសៀ (Andalusia) ត្រូវបានផ្អាកទាំងស្រុង ដើម្បីទុកផ្លូវឱ្យការស៊ើបអង្កេត និងការជម្លៀសជនរងគ្រោះ៕


