ស្លា.ប់៤នាក់ ក្រោយអគារកម្ពស់៦ជាន់ដួលរលំសង្កត់ពីលើ នៅកណ្តាលរាជធានីម៉ាឌ្រីដ
ហៀប ស៊ីថេត
08 តុលា 2025 10:00 AM

រាជធានីម៉ាឌ្រីដ៖ អាជ្ញាធរក្នុងតំបន់បានអះអាងនៅថ្ងៃពុធទី៨តុលានេះថា សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអេស្ប៉ាញ បានទាញសពមនុស្ស៤នាក់ពីក្រោមគំនរបាក់បែកនៃអគារកម្ពស់៦ជាន់ ដែលបានដួលរលំនៅកណ្តាលរាជធានីម៉ាឌ្រីដ ខណៈពួកគេកំពុងជួសជុលនៅក្នុងអគារមួយនេះ។ នេះបើតាមអាជ្ញាធរក្នុងតំបន់។

អភិបាលក្រុងម៉ាឌ្រីដ លោក ចូសេ ល្វីស អាល់ម៉ីដា (Jose Luis Almeida) បានសរសេរនៅលើបណ្តាញសង្គម X ថា៖«វាគឺជាភាពសោកសៅយ៉ាងក្រៀមក្រំ ក្រោយអ្នកពន្លត់អគ្គិភ័យនៅរាជធានីម៉ាឌ្រីដ បានរកឃើញសាកសពមនុស្សដែលបាត់ខ្លួន បន្ទាប់ពីការដួលរលំ»។ សាកសពត្រូវបានគេស្គាល់ថា ជាបុរស៣នាក់មានអាយុចន្លោះពី៣០ទៅ៥០ឆ្នាំ មកពីប្រទេសអេក្វាឌ័រ (Ecuador), ម៉ាលី(Mali) និងប្រទេសហ្គីណេ (Guinea-Conakry) ដោយពួកគេកំពុងធ្វើការនៅការដ្ឋានជាកម្មករសំណង់។ ក្នុងចំណោមនោះក៏មានជនរងគ្រោះជាស្ត្រីម្នាក់អាយុ៣០ឆ្នាំ ដែលជាស្ថាបត្យករនៃគម្រោងជួសជុលនេះផងដែរ។ ក្រៅពីនេះ កម្មករ​សំណង់៣​នាក់​ផ្សេង​ទៀត​រង​របួស។

ក្នុង​ប្រតិបត្តិការ​ស្វែងរក ​និង​ជួយ​សង្គ្រោះ​ ប៉ូលិស និង​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក ​និង​ឆ្កែ​ហិត​ក្លិន ដើម្បីស្វែងរកជនរងគ្រោះ។ យោងតាមព័ត៌មាន អគារនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦៥ ដោយវាបានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសចំនួន២លើក ក្នុងឆ្នាំ២០១២ និង២០២២ ហើយត្រូវបានចាត់ថ្នាក់ថាជា «អគារមិនអំណោយផល» ដោយសារតែស្ថានភាពទូទៅនៃផ្នែកខាងមុខ ខាងក្រៅ ជញ្ជាំង ដំបូល ប្រព័ន្ធទឹក និងប្រព័ន្ធលូរងនូវការប្រេះស្រាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត