អេស្ប៉ាញ និងព័រទុយហ្គាល់ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីដាច់ចរន្តអគ្គិសនីងងឹតសូន្យសុង
ហៀប ស៊ីថេត
29 មេសា 2025 04:30 AM

ម៉ាឌ្រីដ-លីបោន៖ អេស្បាញ និងព័រទុយហ្កាល់ បានរងនូវការដាច់ចរន្តអគ្គិសនីដ៏ធំ បណ្ដាលឱ្យជាប់គាំងក្នុងភាពងងឹតសូន្យសុង និងបានប៉ះពាល់ដល់ការចុះចតយន្តហោះ បញ្ឈប់ការដឹកជញ្ជូនសាធារណៈ និងបង្ខំឱ្យមន្ទីរពេទ្យផ្អាកប្រតិបត្តិការ។ ការណ៍នេះ បានជំរុញឱ្យប្រទេសទាំងពីរប្រកាសពីភាពអាសន្ន។ យ៉ាងណា ថាមពលបានចាប់ផ្តើមត្រឡប់ទៅបំពេញផ្គត់ផ្គង់នៅផ្នែកខ្លះនៃឧបទ្វីបអ៊ីប៊ែររៀ (Iberian Peninsula)។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃចន្ទទី២៨ ខែមេសាម្សិលមិញ...។

ក្រសួងមហាផ្ទៃរបស់ប្រទេសអេស្ប៉ាញ បានប្រកាសពីភាពអាសន្នជាតិ ហើយបានដាក់ពង្រាយប៉ូលិសចំនួន៣ម៉ឺននាក់នៅទូទាំងប្រទេស ដើម្បីរក្សាសណ្តាប់ធ្នាប់។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ [អេស្ប៉ាញ-ព័រទុយហ្គាល់] បានកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់។ ការដាច់ភ្លើងក្នុងកម្រិតបែបនេះ គឺកម្រមានណាស់នៅអឺរ៉ុប។ យ៉ាងណា មូលហេតុ គឺនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែព័រទុយហ្គាល់បានលើកឡើងថា បញ្ហានេះមានប្រភពមកពីប្រទេសអេស្ប៉ាញ ហើយអេស្ប៉ាញថា វាអាចមានការខូចខាតចំណុចតភ្ជាប់ជាមួយប្រទេសបារាំង។

នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក ល្វីស ម៉ុងតេណេហ្គ្រូ (Luís Montenegro) អះអាងថា មិនមានសញ្ញានៃការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។ ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយអំពីការបំផ្លិចបំផ្លាញដែលអាចកើតមាន ទន្ទឹមនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sánchez) បានជជែកជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត (Mark Rutte) ជុំវិញឧប្បត្តិហេតុនេះ។ លោក សាន់ឆេស និយាយថា អេស្ប៉ាញបានទទួលរងការខាតបង់នៃការផលិតអគ្គិសនី១៥ជីហ្កាវ៉ាត់(GW) ក្នុងរយៈពេល៥វិនាទី ស្មើនឹង៦០ភាគរយនៃតម្រូវការជាតិ។ លោក​បាន​បន្ត​ថា អ្នក​បច្ចេកទេស​កំពុង​ដុតដៃដុតជើង​ដើម្បី​រក​មូលហេតុ​ដែលនាំឱ្យមានបញ្ហានេះកើតឡើង។ លោក​បាន​ថ្លែង​ថា​៖«​នេះ​ជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក»​។ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់អេស្ប៉ាញ បានស្តីបន្ទោសអំពីការបរាជ័យនៃការតភ្ជាប់បណ្តាញជាមួយប្រទេសបារាំង ដែលបង្កឱ្យមានករណីនេះ។

ទោះជាយ៉ាងនេះក្ដី ថាមពលបានចាប់ផ្តើមត្រឡប់មកវិញនៅតំបន់ខ្លះនៃប្រទេសអេស្ប៉ាញ ហើយថាមពលក៏បានត្រលប់មកវិញជាបណ្តើរៗផងដែរទៅកាន់ក្រុងនានាក្នុងប្រទេសព័រទុយហ្គាល់។ គួរបញ្ជាក់ថា ការដាច់ភ្លើងកម្រិតខ្ពស់បែបនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងឧបទ្វីប ព្រោះថា មន្ទីរពេទ្យនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ត្រូវបានផ្អាកការងារវេជ្ជសាស្ត្រទាំងអស់ ប៉ុន្តែអ្នកជំងឺឈឺធ្ងន់ធ្ងរនៅតែត្រូវបានសង្គ្រោះដោយប្រើម៉ាស៊ីនភ្លើងជំនួយ។ លើសពីនេះ អ្នកដំណើររថភ្លើងប្រហែល ៣៥០០០នាក់ ត្រូវបានជួយសង្គ្រោះចេញពីថភ្លើង ខណៈរថភ្លើងចំនួន១១នៅតែជាប់គាំងនៅក្នុងតំបន់ដាច់ស្រយាល។ មនុស្សក៏បានជាប់គាំងនៅក្នុងរថភ្លើងក្រោមដី និងជណ្តើរយន្តផងដែរ។ ចំណែកឯអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុងនៅទូទាំងប្រទេសទាំង២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត