
អឺរ៉ុប៖ អៀរឡង់ ហូឡង់ ស្លូវេនី និងអេស្បាញ ប្រកាសធ្វើពហិការមិនចូលរួមការប្រលងចម្រៀង Eurovision នៅឆ្នាំក្រោយ បន្ទាប់ពីមានការសម្រេចចិត្តអនុញ្ញាតឱ្យអ៊ីស្រាអែលចូលរួមប្រកួត...។

ការប្រកាសនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីសហភាពផ្សព្វផ្សាយអឺរ៉ុប ហៅកាត់ថា EBU ជាម្ចាស់កម្មវិធីនេះ បានប្រកាសថា នឹងមិនមានការបោះឆ្នោតសម្រេចដកអ៊ីស្រាអែលចេញពីបញ្ចីបេក្ខភាពប្រកួតនោះទេ បើទោះបីជាមានការអំពាវនាវពីប្រទេសមួយចំនួនក៏ដោយ។ ប្រទេសដែលប្រឆាំងនឹងបេក្ខភាពរបស់អ៊ីស្រាអែល បានរិះគន់ប្រទេសនេះ ជុំវិញសង្រ្គាមប្រល័យពូជសាសន៍ទៅលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៧០១២៥នាក់ និងជុំវិញការចោទប្រកាន់ថា អ៊ីស្រាអែលបានជ្រៀតជ្រែកក្នុងការប្រកួតប្រជែង ដើម្បីផ្តល់ប្រយោជន៍ឱ្យបេក្ខជនរបស់ខ្លួន។ EBU ការពារជំហររបស់ខ្លួនដោយបញ្ជាក់ថា សមាជិករបស់ខ្លួនគាំទ្រកំណែទម្រង់នេះ ក្នុងគោលបំណងរក្សាអព្យាក្រិតភាពនៃការប្រកួត។

ជាការឆ្លើយតបទៅនឹងការដាក់បញ្ចូលអ៊ីស្រាអែល ទូរទស្សន៍ ហូឡង់ AVROTROS បានចុះផ្សាយថា ការចូលរួម គឺមិនស៊ីគ្នានឹងតម្លៃរបស់ពួកគេ ដោយសារតែការជ្រៀតជ្រែករបស់អ៊ីស្រាអែលក្នុងការប្រកួតប្រជែងមុនៗ និងរបាយការណ៍ពីការរំលោភលើសេរីភាពសារព័ត៌មាន ក្នុងអំឡុងពេលជម្លោះ។ ទន្ទឹមនោះ អៀរឡង់បានលើកឡើងពីវិបត្តិមនុស្សធម៌ ថាជាហេតុផលសម្រាប់ការធ្វើពហិការ ខណៈការសម្រេចចិត្តរបស់ស្លូវេនី ត្រូវបានធ្វើឡើងក្នុងការចងចាំកុមារជាច្រើននាក់ ដែលបានបាត់បង់ជីវិតនៅតំបន់ហ្កាហ្សា។ លើសពីនេះ ទូរទស្សន៍ RTVE របស់អេស្បាញ ក៏បានប្រកាសដកខ្លួនចេញពីការប្រកួតលើកទី៧០ នៃព្រឹត្តិការណ៍នេះដែរ។

ផ្ទុយទៅវិញ ប្រទេសអាល្លឺម៉ង់បានសម្ដែងការគាំទ្រចំពោះការចូលរួមរបស់អ៊ីស្រាអែល ដោយទទូចថា អ៊ីស្រាអែលមានសិទ្ធិប្រកួត ខណៈមន្ត្រីអ៊ីស្រាអែលបានស្វាគមន៍ការសម្រេចចិត្តរបស់ EBU ដោយសង្កត់ធ្ងន់លើសិទ្ធិតំណាងរបស់ប្រទេសរបស់ពួកគេ។ ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក ហឺហ្សូក (Isaac Herzog) បានអះអាងថា ប្រទេសរបស់លោកប្រឈមមុខនឹងយុទ្ធនាការលាបពណ៌ជាសកល៕



