
រាជធានីភ្នំពេញ៖ មិនត្រឹមតែដក់ជាប់ក្នុងចិត្ត និងចាំជាប់មាត់ប្រជាជនកម្ពុជាគ្រប់រូបនាសម័យបច្ចុប្បន្ននេះឡើយ តែពាក្យ «ថៃឈ្លានពានកម្ពុជា» នឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រ ទុកឱ្យកូនចៅគ្រប់ជំនាន់ដឹងឮទៀតផង។ លើសពីនេះ ពាក្យ «ថៃឈ្លានពានកម្ពុជា» ក៏បានរីកសុសសាយដល់អន្តរជាតិដែរ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រកាសថា «ថៃជាអ្នកចាប់ផ្តើមធ្វើសង្គ្រាមមុនលើកម្ពុជា»។

ឈ្លានពានគេ តែបែរជាមិនចង់មានឈ្មោះ«ជាអ្នកឈ្លានពាន»។ អ្នកកាសែត បានចោទសួរថា បណ្តាញសារព័ត៌មានកម្ពុជា ប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» តើថៃប្រតិកម្មយ៉ាងណា? ក្នុងសន្និសិទសារព័ត៌មាននោះ កាលពីថ្ងៃទី១៨នខែមករានឆ្នាំ២០២៦ លោក នីករតេជ្ជ ផ្លាងកូ អ្នកនាំពាក្យការបរទេសថៃ ឆ្លើយដូចខ្លួនឯងត្រឹមត្រូវថា ថៃអំពាវនាវឱ្យគ្រប់ភាគីប្រើភាសាដែលមានលក្ខណៈស្ថាបនា និងមិនញុះញង់។ ទោះមិនឆ្លើយចំ តែសម្តីរបស់អ្នកនាំពាក្យការបរទេសថៃ បង្ហាញបំណងមិនចង់ឱ្យកម្ពុជាប្រើពាក្យ «ថៃឈ្លានពានកម្ពុជា»។

ថៃកំពុងរអានឹងពាក្យ «ឈ្លានពានកម្ពុជា» ពីព្រោះថៃ ហាក់ទើបដឹងខ្លួនដូចខ្មោចងាប់៧ថ្ងៃថា លើពិភពលោក គ្មានប្រទេសណា គាំទ្រ ឬឈរខាងភាគីឈ្លានពានគេនោះទេ។ យ៉ាងណាក៏ដោយ ថៃ មិនអាចបិទបាំងអំពើឈ្លានពានលើកម្ពុជា បានឡើយ ហើយក៏មិនអាចទប់ស្កាត់ប្រជាជនកម្ពុជា មិនឱ្យប្រើពាក្យនេះបានដែរ។ លើបណ្តាញសង្គម ប្រជាជនកម្ពុជា បំផុសថា ខ្លួននៅតែប្រើពាក្យ «ថៃឈ្លានពានកម្ពុជា»។

កម្ពុជា មានវីដេអូ និងរូបភាពជាភស្តុតាងច្រើនណាស់ អំពីការឈ្លានពានរបស់ថៃ ហើយជាពិសេស ស្ថានភាពខូចខាតជាក់ស្តែងដ៏ច្រើនសន្ធឹកសន្ធាប់លើទឹកដីកម្ពុជា រាប់ចាប់តាំងពីប្រាសាទបុរាណ ស្ពានបុរាណ ស្ពានសម័យបច្ចុប្បន្ន ផ្លូវ វត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្ទះសម្បែង និងស្រែចម្ការ គឺជាភស្តុតាង មិនអាចប្រកែកបាន។

ភស្តុតាង១ទៀត ដែលបញ្ជាក់ថា ១០០ភាគរយ ថៃពិតជាឈ្លានពានកម្ពុជានោះ គឺយោធាថៃ បានប្រើយន្តហោះចម្បាំងចូលមកទម្លាក់គ្រាប់លើទឹកដីកម្ពុជាយ៉ាងជ្រៅ មានចម្ងាយលើសពី១០០គីឡូម៉ែត្រពីព្រំដែន។ សូម្បីតែចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយគ្នាហើយក្ដី តែយោធាថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានដដែល តាមរយៈការដាក់ទូកុងតឺន័រ ការស្រាស់បន្លាលួស ការប្រើគ្រឿងចក្រកម្ទេចផ្ទះសម្បែងប្រជាជន និងការឈរជើងកាន់កាប់ជាង១០តំបន់ ក្នុងដែនអធិបតេយ្យកម្ពុជា។

«ថៃឈ្លានពាន កម្ពុជាការពារខ្លួន» ជាពាក្យដែលប្រជាជនកម្ពុជាចាំជាប់មាត់ និងប្រកាសប្រាប់អន្តរជាតិ ចាប់តាំងពីថៃឈ្លានពានកម្ពុជា លើកទី១មកម្ល៉េះ និងបន្តមកដល់ការឈ្លានពានលើកទី២។ យោងតាមច្បាប់អន្តរជាតិ ថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពបំផ្លិចបំផ្លាញយ៉ាងច្រើនរាប់មិនអស់មកលើកម្ពុជានេះ៕



