​មេដឹកនាំកំពូលអុីរ៉ង់ ចោទ ត្រាំ ជាមេខ្លោងនៅពីក្រោយបាតុ.ក.ម្មស.ម្លា.ប់មនុស្សរាប់ពាន់នាក់
N
Nary Vann
18 មករា 2026 04:00 AM

រដ្ឋធានីតេហេរ៉ង់៖ មេដឹកនាំកំពូលរបស់អុីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានចេញមុខចោទប្រកាន់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចំៗថា ជាអ្នកនៅពីក្រោយបាតុកម្មហិង្សា‍រយៈពេលជាច្រើនសប្តាហ៍ បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់៣០៩០នាក់...

លោក អាយ៉ាតូឡា អាលី ខាមេនី Ayatollah Ali Khamenei
លោក អាយ៉ាតូឡា អាលី ខាមេនី Ayatollah Ali Khamenei

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់ លោក ខាមីនី បានរិះគន់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថាជា «ឧក្រិដ្ឋជន» ដោយលោកសង្កត់ធ្ងន់ថា ការបង្កចលាចលប្រឆាំងអុីរ៉ង់លើកចុងក្រោយនេះ មានសភាពប្លែកពីមុន ត្រង់ថា ប្រធានាធិបតីអាម៉េរិក បានចេញមុខមកលូកដៃ និងក្លាយជាតួអង្គស្នូលក្នុងគម្រោងអន្តរជាតិប្រឆាំងនឹងប្រទេសអុីរ៉ង់។ លោកបានព្រមានយ៉ាងម៉ឺងម៉ាត់ថា ទោះបីជាអុីរ៉ង់ព្យាយាមបញ្ចៀសការរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមក៏ដោយ ប៉ុន្តែលោកនឹងមិនបណ្តោយឱ្យពួកឧក្រិដ្ឋជនទាំងក្នុងស្រុក និងអន្តរជាតិ រួចខ្លួនដោយគ្មានការដាក់ទោសទណ្ឌនោះឡើយ។

​អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងសុន្ទរកថានេះ គឺការដែលមេដឹកនាំកំពូលអុីរ៉ង់បានលើកឡើងជាលើកដំបូងនូវតួលេខអ្នកស្លាប់ដល់ទៅរាប់ពាន់នាក់ ខណៈការអះអាងនេះ ហាក់ស្របទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស HRANA ដែលបានបញ្ជាក់ថា មានមនុស្សស្លាប់ប្រហែល៣០០០នាក់ និងត្រូវបានចាប់ខ្លួនជាង២២០០០នាក់។ រដ្ឋាភិបាលអុីរ៉ង់ចោទប្រកាន់ថា ក្រុមបាតុករហិង្សា ត្រូវបានបំពាក់អាវុធ ផ្ដល់ប្រាក់កាស និងបង្ហាត់បង្រៀនដោយបរទេស ដើម្បីធ្វើសកម្មភាពចូលមកឆក់យកឱកាសដើម្បីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រួមទាំងការដុតបំផ្លាញវិហារឥស្លាម និងមន្ទីរពេទ្យជាង២៥០កន្លែង។

ទន្ទឹមនឹងការបង្ក្រាបយ៉ាងចាស់ដៃ អាជ្ញាធរបានចាប់ផ្ដើមបើកឱ្យប្រើប្រាស់សេវាសារខ្លី (SMS) ឡើងវិញនៅទូទាំងប្រទេស បន្ទាប់ពីបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតជិតអស់រយៈពេលមួយសប្តាហ៍ ដើម្បីគ្រប់គ្រងស្ថានការណ៍។ ​ទោះបីជាស្ថានភាពហាក់មានភាពស្ងប់ស្ងាត់វិញខ្លះ ប៉ុន្តែកម្ដៅនយោបាយរវាងលោក ត្រាំ និងលោក ខាមីនី នៅតែស្ថិតក្នុងភាពប្រឈមមុខដាក់គ្នាបំផុត ដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ថាតើអាចនឹងមានសកម្មភាពយោធាណាមួយកើតឡើង ឬយ៉ាងណា?...៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត