
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការចូលទៅបង្ក្រាបទីតាំងឆបោកអនឡាញ២កន្លេងទៀត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុប៧៥នាក់ (សុទ្ធតែជាជនបរទេស)។ មិនត្រឹមតែប្រព្រឹត្តអំពើឆបោកទេ ពួកគេ ក៏លួចស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដែរ។

បើតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) ទីតាំងឆបោកទាំង២នោះ គឺ ទី១.សណ្ឋាគារ សេវេន ហេវិន ស្ថិតក្នុងខណ្ឌ៧មករា មានជនបរទេស៣៩នាក់ ត្រូវចាប់ខ្លួន ក្នុងនោះ មានជនជាតិប៉ាគីស្ថាន ជនជាតិឥណ្ឌា និងជនជាតិបង់ក្លាដេស, ទី២.ផ្ទះសំណាក់ C8 ស្ថិតក្នុងខណ្ឌសែនសុខ មានជនបរទេស៣៦នាក់ ត្រូវចាប់ខ្លួន ក្នុងនោះ មានជនជាតិឥណ្ឌា និងជនជាតិបង់ក្លាដេស។ ជនសង្ស័យទាំងអស់នោះ ភាគច្រើនជាបុរស ស្រ្តីមានតិចតួចប៉ុណ្ណោះ។

របាយការណ៍ពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បង្ហាញថា កន្លះខែ បើកឆាកឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបតាមទីតាំងនានាចំនួន១៤ទីតាំងហើយ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ជាដើម ដោយឃាត់ខ្លួនជនសង្ស័យបរទេសជាង១៦០នាក់ ក្នុងនោះ ជនជាតិចិន មាន៥០នាក់ ជាចំនួនច្រើនជាងគេ។

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទើបនឹងផ្ញើសារតាមរយៈបណ្តាញសង្គមជូនជនរួមជាតិថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ គឺជាចំណុចដ៏សំខាន់នាពេលនេះ។ ដូច្នេះ សម្តេច ក៏អំពាវនាវឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕





