មជ្ឈិមបូព៌ា៖ ប្រជាជនអ៊ីរ៉ង់ បានអះអាងកាលពីថ្ងៃសុក្រទី១៦ ខែមករា ថា ការបង្រ្កាបដ៏សាហាវរបស់រដ្ឋធានីតេហេរ៉ង់ ហាក់ដូចជាបានរារាំងមហាបាតុកម្មដ៏ធំសម្បើមនៅពេលនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការចាប់បាតុករកាន់តែច្រើននៅក្នុងស្រមោលនៃការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់សហរដ្ឋអាម៉េរិកក្នុងការធ្វើអន្តរាគមន៍ ប្រសិនបើការសម្លាប់នៅតែបន្ត...។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមម្ដងហើយម្ដងទៀតក្នុងសកម្មភាពអន្តរាគមន៍ក្នុងមហាបាតុកម្មនៅអ៊ីរ៉ង់ រួមទាំងការប្តេជ្ញាចាត់វិធានការក្ដៅ ប្រសិនបើរបបតេហេរ៉ង់បន្តប្រហារជីវិតក្រុមបាតុករនោះ។ យ៉ាងណា មេដឹកនាំអ៊ីរ៉ង់បានប្រកាសបញ្ឈប់ការសម្លាប់លើអ្នកទោសនយោបាយ និងក្រុមបាតុករដ៏បង្ហូរឈាម។ គួរជម្រាបថា ការតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ជុំវិញបញ្ហាសេដ្ឋកិច្ច និងបានរីកធំឡើង បង្កជាមហាបាតុកម្មដ៏ទូលំទូលាយ។ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅអ៊ីរ៉ង់បានបង្ហាញថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលតវ៉ាក្នុងស្រុកដ៏អាក្រក់បំផុតចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ខណៈមនុស្សជាង១ម៉ឺននាក់ត្រូវបានចាប់ខ្លួន។

ការគំរាមវាយប្រហាររបស់សហរដ្ឋអាម៉េរិក ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ ត្រូវបានអូសបន្លាយ ខណៈការសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់បានធូរស្រាល។ ទន្ទឹមនឹងនេះ សព្វាវុធយោធាអាម៉េរិកត្រូវបានបញ្ជូនចូលទៅក្នុងតំបន់មជ្ឈិមបូព៌ាបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងទៅដល់តំបន់ដ៏តានតឹងនេះឆាប់ៗ។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក រួមទាំងអារ៉ាប៊ីសាអូឌីត និងកាតា បានធ្វើទំនាក់ទំនងការទូតកាន់តែខ្លាំងជាមួយរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីការពារការវាយប្រហាររបស់សហរដ្ឋអាម៉េរិក ដែលអាចបង្កផលប៉ះពាល់ទូទាំងតំបន់។ រង់ចាំអុតមើលថា តើអាម៉េរិក និងអ៊ីរ៉ងអាចជល់គ្នាដែរ ឬទេ...? តើល្បែងចិត្តសាស្ត្ររបស់អាម៉េរិក មិនវាយប្រហារលើអឺរ៉ង់ភ្លាមៗ អាចជាយុទ្ធសាស្ត្រទន់បង្រ្កាបរឹងដែរឬយ៉ាងណា...?៕





