
រដ្ឋធានីកូប៉ិនហាក៖ ភាពតានតឹងជុំវិញជោគវាសនារបស់កោះហ្គ្រីនឡែន បានឈានដល់ដំណាក់កាលថ្មីមួយទៀត បន្ទាប់ពីកងទ័ពប្រទេសបារាំង អាល្លឺម៉ង់ និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀត ចាប់ផ្ដើមធ្វើដំណើរទៅដល់កោះយុទ្ធសាស្ត្រមួយនេះ។ សកម្មភាពនេះ ធ្វើឡើងដើម្បីពង្រឹងសន្តិសុខនៅតំបន់អាកទិក បន្ទាប់ពីកិច្ចពិភាក្សារវាងដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាម៉េរិក បង្ហាញឱ្យឃើញនូវ «ការខ្វែងគំនិតគ្នាយ៉ាងខ្លាំង» ជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ។

ក្នុងជំហានដំបូង ប្រទេសបារាំង បានបញ្ជូនកងទ័ពថ្មើរជើងភ្នំចំនួន១៥នាក់ ទៅដល់រដ្ឋធានីរបស់ហ្គ្រីនឡែនហើយ ចំណែកអាល្លឺម៉ង់ ក៏បានបញ្ជូនក្រុមស៊ើបការណ៍ចំនួន១៣នាក់ទៅដល់ទីនោះដែរ។ ក្រៅពីនេះ ប្រទេសន័រវែស និងស៊ុយអែត ក៏បានចូលរួមក្នុងបេសកកម្មនេះផងដែរ។ បេសកកម្មនេះ ត្រូវបានគេចាត់ទុកថា ជាការហ្វឹកហ្វឺនដើម្បីសម្គាល់ដែនដី ដែលក្នុងនោះកងទ័ពអឺរ៉ុប នឹងធ្វើសកម្មភាពជានិមិត្តរូបមួយ គឺការដោតទង់ជាតិសហភាពអឺរ៉ុប (EU) នៅលើទឹកដីកោះហ្គ្រីនឡែនតែម្ដង។

ប្រធានាធិបតីបារាំង លោក អេនម៉ានូអែល ម៉ាក្រុង បានបញ្ជាក់កាលពីថ្ងៃពុធថា កងទ័ពបារាំង កំពុងធ្វើដំណើរទៅជាបន្តបន្ទាប់ ហើយបេសកកម្មរយៈពេល២ថ្ងៃនេះ គឺជាការបង្ហាញឱ្យពិភពលោក (និងអាម៉េរិក) ឃើញថា កងទ័ពអឺរ៉ុប អាចដាក់ពង្រាយបានយ៉ាងឆាប់រហ័សគ្រប់ពេលវេលា ប្រសិនបើមានការចាំបាច់។ សកម្មភាពរួមគ្នារបស់បណ្ដាប្រទេសអឺរ៉ុបនៅពេលនេះ សបញ្ជាក់ឱ្យឃើញថា ពួកគេកំពុងរួមកម្លាំងគ្នាដើម្បីការពារកោះហ្គ្រីនឡែន ពីការប៉ុនប៉ងគ្រប់គ្រងណាមួយពីសំណាក់រដ្ឋធានីវ៉ាស៊ីនតោន៕



