
រាជធានីភ្នំពេញ៖ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦មករានេះ មានខ្យល់ពុលកម្រិតមធ្យម រីឯខេត្តកំពង់ចាម កណ្តាល កោះកុង និងសៀមរាប មានខ្យល់ពុលកម្រិតស្រាល ស្របពេលរាជធានី និងខេត្ត១៩ផ្សេងទៀត មានគុណភាពខ្យល់ល្អ។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងបរិស្ថាន...។

មន្រ្តីបរិស្ថាន អះអាងថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី១៥ ដល់ម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម៣៧,០៨មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺល្អ។ តែយ៉ាងណា បើមើលទៅលើទិន្នន័យ បង្ហាញថា ខេត្តបន្ទាយមានជ័យ ស្ថិតក្នុង ពណ៌ទឹកក្រូច មានន័យថា បង្គួរ «ការបំពុលកម្រិតមធ្យម»។ ដូច្នេះ កាត់បន្ថយការចេញខាងក្រៅ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ប្រសិនបើចាំបាច់។ បើមានអាការដូចជា ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់ បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ អស់កម្លាំង ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។

ជាមួយគ្នានេះ ខេត្តកំពង់ចាម កណ្តាល កោះកុង និងសៀមរាប ស្ថិតក្នុងពណ៌លឿង ពោលគឺមានន័យថា គុណភាពខ្យល់«បំពុលកម្រិតស្រាល»។ ចំពោះមនុស្សទូទៅអាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលយូរពេក។ ដោយទ្បែក ខេត្តព្រៃវែង រតនគិរី ព្រះសីហនុ មណ្ឌលគិរី កំពង់ឆ្នាំង កំពត និងខេត្តត្បូងឃ្មុំ ស្ថិតនៅ ពណ៌ខៀវ បញ្ជាក់ថា «គុណភាពខ្យល់ ល្អណាស់»។ រីឯខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ ស្ទឹងត្រែង ស្វាយរៀង កែប ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ ស្ថិតក្នុង ពណ៌បៃតង មានន័យថា «គុណភាពខ្យល់ល្អ»។ ចំពោះ ខេត្តតាកែវ ក្រសួងបញ្ជាក់ការវាស់កម្រិតខ្យល់ មិនដំណើរការទ្បើយ៕






